តុលាការកំពូលអាមេរិកច្រានចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស់ ដែលមានការគាំទ្រដោយផ្ទាល់ពីលោក ដូណាល់ ត្រាំ
អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូនេះថា តុលាការកំពូលអាមេរិក នៅថ្ងៃសុក្រនេះ បានទាត់ចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស់ ដែលមានការគាំទ្រដោយផ្ទាល់ពីលោក ដូណាល់ ត្រាំ អោយលុបចោលលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋចំនួន០៤ ។
ស្របពេលជាមួយគ្នានោះដែរ បើតាមសាលក្រមតុលាការ បណ្តឹងរបស់រដ្ឋតិចសាល់ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ ចរជា, មីឈីហ្គែន, ភែនស៊ីលវេនៀ និង វីសខុនសិន គឺមិនមានជំហរផ្លូវច្បាប់នោះទេ ។ រដ្ឋទាំងធំៗទាំង០៤ នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលា ការផងដែរ ដើម្បីស្នើសុំឲ្យតុលាការច្រានចោលពាក្យបណ្តឹង ដែលពួកគេចាត់ទុកថា ជារឿងមិនសមហេតុផល និងគ្មានមូលដ្ឋានផ្លូវច្បាប់ ។
បណ្តឹងខាងលើនេះដែរ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតដោយក្រុមយុទ្ធនាការ និងក្រុមអ្នកគាំទ្រលោក ត្រាំ ដែលកន្លងមកបានទទួលបរាជ័យនៅក្នុងតុលាការជាច្រើនលើកមកហើយ ៕

