គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់ជាង៣២០លានដុល្លារ ជួយកសិករដាំអំពៅ ៣០ម៉ឺននាក់
ថៃ៖ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃ កាលពីថ្ងៃអង្គារ៍ ទី៩ មិថុនា ២០២០ម្សិលមិញ បានអនុម័តលើកញ្ចប់ជំនួយថវិកា ផ្តល់ជូនកសិករដាំដំណាំអំពៅប្រមាណ៣០ម៉ឺននាក់ ស្ថិតក្រោមកម្មវិធីជំនួយ ដែលប៉ាន់ប្រមាណថា តម្រូវឲ្យមានមូលនិធិរដ្ឋ១០ពាន់លានបាត ឬ ៣២០ ៣០៣ ៥០០ ដុល្លារអាម៉េរិក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរង នៃរាជរដ្ឋាភិបាលបាននិយាយថា គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ មេសា បានព្រមព្រៀងបង្កើតកម្មវិធីជំនួយអន្តរាគមន៍ បានសហើយស្នើឲ្យមានលម្អិតពីទំហំនៃការចំណាយ ខណៈដែលអត្រាចំណាយត្រូវបានប្រគល់ជូនគណៈរដ្ឋមន្ត្រី ហើយកាលពីម្សិលមិញ។
លោកស្រីថា កញ្ចប់ថវិកា១០ពាន់លានបាត សម្រាប់គម្រោងនេះនឹងត្រូវបានបែកចែងជាពីរផ្នែក ក្នុងនោះ មួយផ្នែកទំហំ៦.៥ពាន់លានបាត ទូទាត់សម្រាប់ប្រជាកសិករដាំអំពៅទាំងអស់លើការប្រមូលផល និងផ្គត់ផ្គង់ទៅរោងចក្រ ខណៈដែល៣.៥ពាន់លានបាតទៀត សម្រាប់អ្នកដាំអំពៅដែលត្រូវបានហាមមិនឲ្យដុតចំការដាំអំពៅ ក្នុងពេលប្រមូលផលរួច ដែលជាផ្នែកជួយកាត់បន្ថយការបំពុលខ្យល់។
ប្រជាកសិករដាំអំពៅម្នាក់ ត្រូវបានគេដឹងថា ទទួលបានប្រាក់៨៥បាត ក្នុងមួយតោននៃការប្រមូលផល ខណៈដែលអ្នកដែលគេហាមមិនឲ្យដុតចំការទទួលបានប្រាក់បន្ថែម៧បាត ក្នុងមួយតោននៃការប្រមូលផល នេះបើតាមលោកស្រី Rachada Dhnadirek ដដែល។
គួរបញ្ជាក់ថា ការប្រមូលផលដំណាំអំពៅរបស់ប្រទេសថៃនៅឆ្នាំ២០២០នេះមានការធ្លាក់ចុះ មូលហេតុសំខាន់មកពីភាពរាំងស្ងួត ហើយការប្រមូលផលសរុបត្រូវបានរំពឹងថា នឹងមានប្រមាណ៧៤.៨៤លានតោន ពោលគឺធ្លាក់ចុះពីការព្យាករណ៍ថា ១០០លានតោន៕