កងឆ្មាំការពារជាតិអាម៉េរិកជាច្រើនធ្វើតេស្តវិជ្ជមាន COVID-19 អំឡុងពេលដាក់ពង្រាយដើម្បី ទប់ស្កាត់បាតុកម្មទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍
សហរដ្ឋអាម៉េរិក៖ កងកម្លាំងឆ្មាំការពារជាតិអាម៉េរិកមួយចំនួនធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ក្នុងគោលបំណងបង្រ្កាបការធ្វើបាតុកម្មដោយហិង្សា ដើម្បីទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកងកម្លាំងឆ្មាំជាតិអាម៉េរិកលោកស្រី ប្រ៊ូក ដេវីស បានលើកឡើងថា យើងមិនអាចបញ្ជាក់អំពីចំនួនកងកម្លាំង ដែលបានឆ្លងជំងឺ COVID-19 នោះឡើយ ដោយយោងលើហេតុផលសន្តិសុខ ។ បច្ចុប្បន្នកងកម្លាំងឆ្មាំការពារដែលឆ្លង COVID-19 កំពុងតែធ្វើចត្តាឡីស័ក ប៉ុន្តែមិនមានប្រភពណាអាចបញ្ជាក់អំពីស្ថានភាពរបស់ពួកគេនោះឡើយ ។
គួរបញ្ជាក់ថា កងកម្លាំងឆ្មាំការពារជាតិប្រចាំរដ្ឋធានីវ៉ាស៊ីនតោនចំនួន១.៧០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់បាតុករហិង្សា ដែលធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលត្រូវបានប៉ូលិសទីក្រុងមីននាផូលីស រដ្ឋមីននីសូតា ប្រើជង្គង់សង្កត់សរហូតដល់ស្លាប់ ដោយសារតែការសង្ស័យចាយលុយក្លែងក្លាយ២០ដុល្លារ ៕