សហរដ្ឋអាម៉េរិកសម្តែងការសោកស្តាយ ក្រោយកូរ៉េខាងជើងប្រកាសកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយនឹងកូរ៉េខាងត្បូង

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបញ្ជាក់ថា សហរដ្ឋអាម៉េរិកមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា នឹងកាត់ផ្តាច់បណ្តាញទំនាក់ទំនងអន្តរកូរ៉េទាំងអស់ជាមួយកូរ៉េខាងត្បូង ហើយថែមទាំងជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលមករកតុចរចាផ្លូវការទូតវិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍ខាងលើនេះរបស់ក្រសួងការបរទេសអាម៉េរិក ធ្វើឡើងក្រោយកូរ៉េខាងជើងបានអះអាងថា នៅក្នុងជំហានដំបូង ខ្លួននឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ខ្សែទូរស័ព្ទបន្ទាន់រវាងយោធាប្រទេសទាំងពីរ ក៏ដូចជាបណ្ដាញទំនាក់ទំនងជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ។

ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង កើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀតជាច្រើនថ្ងៃមកហើយ បើសិនជាកូរ៉េខាងត្បូងនៅតែមិនអើពើឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner