មេដឹកនាំបក្សប្រជាធិបតេយ្យអាមេរិកជម្រុញឱ្យមានការផ្លាស់ប្តូរនីតិវិធី និងការទទួលខុសត្រូវរបស់ប៉ូលិស
សហរដ្ឋអាមេរិក៖ ក្រុមសមាជិកបក្សប្រជាធិបតេយ្យ នៅថ្ងៃចន្ទម្សិលមិញ បានស្នើឱ្យមានការផ្លាស់ប្តូរនីតិវិធី និងការទទួលខុសត្រូវរបស់មន្រ្តីប៉ូលិស ដែលជាការឆ្លើយតបយ៉ាងរហ័សតាមផ្លូវច្បាប់ ចំពោះការធ្វើបាតុកម្មទាមទាររកយុត្តិធម៌ឱ្យការស្លាប់របស់ជនជាតិអាមេរិកស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដោយសារប៉ូលិសស្បែកស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានគូសបញ្ជាក់ថា យើងមិនអាចដោះស្រាយអ្វីបានទាំងអស់ ក្រៅតែពីការផ្លាស់ប្តូរទាំងស្រុងនូវរចនាសម្ព័ន្ធ ។ ច្បាប់នេះនឹងកែប្រែលក្ខន្តិកៈប៉ូលិសព្រហ្មទណ្ឌសហព័ន្ធ ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការកាត់ទោសមន្រ្តី ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តខុសដោយចេតនា ឬដោយមិនយកចិត្តទុកដាក់ ។
កញ្ចប់កំណែទម្រង់ច្បាប់នេះក៏នឹងផ្លាស់ប្តូរការការពារ “អភ័យឯកសិទ្ធិស្របច្បាប់” សម្រាប់ប៉ូលិស ដើម្បីបើកផ្លូវឱ្យមានការទាមទារសំណងខូចខាតយ៉ាងទូលំទូលាយនៅក្នុងពាក្យបណ្តឹង ៕