មន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់និយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការដកកងទ័ពចេញពីអាល្លឺម៉ង់ គឺជារឿងមិនអាចទទួលយកបាន
អាល្លឺម៉ង់៖ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងកិច្ចការតំបន់អាត្លង់ទិករបស់ប្រទេសអាល្លឺម៉ង់ បានធ្វើការរិះគន់ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពរាប់ពាន់នាក់ចេញពីទឹកដីអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី អាន់ក្រេត ក្រាប ខារិនបូអើ បានគូសបញ្ជាក់ថា លោកស្រីមិនបានទទួលការបញ្ជាក់ណាមួយពីអាជ្ញាធរអាមេរិក ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា សហរដ្ឋអាមេរិកសម្រេចដកទាហានរបស់ខ្លួនជាង១ភាគ៤ ដែលកំពុងប្រចាំការនៅអាល្លឺម៉ង់នៅឡើយទេ ។
សូមរំលឹកថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាមេរិកដកកងទ័ពចំនួន៩,៥០០នាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕