សិង្ហបុរីក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech
សិង្ហបុរី៖ ទីបំផុតសិង្ហបុរី ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលទទួលបានវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer/BioNTech បន្ទាប់ពីវាត្រូវបានដឹកតាមយន្តហោះមកដល់នៅល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។
នាយករដ្ឋមន្រ្តីសង្ហិបុរីលោក លី សៀនឡុង បាននិយាយថា ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសរបស់លោក នឹងត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ហើយអាទិភាពនឹងត្រូវផ្តល់ជូនដល់ក្រុមមនុស្សដែលងាយរងគ្រោះខ្លាំងជាងគេបំផុត ដូចជាបុគ្គលិកពេទ្យជួរមុខ និងមនុស្សចាស់ជរាជាដើម ។
សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech ខាងលើនេះ ត្រូវបានដឹកជញ្ជូនតាមជើងហោះហើរលេខ SQ7979 តាមរយៈក្រុមហ៊ុនដឹកអ្នកដំណើរសិង្ហបុរីអ៊ែរឡាញ ដែលបានចាកចេញពីទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក ហើយចុះចតនៅអាកាសយានដ្ឋានសិង្ហបុរី ចាងជី នៅវេលាម៉ោង០៧ និង៣៦នាទីល្ងាចថ្ងៃចន្ទនេះ ៕

