ទីបំផុតសហភាពអឺរ៉ុបបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech
ប៊ែលហ្ស៊ិក៖ ទីបំផុតសហភាពអឺរ៉ុប នៅយប់ថ្ងៃចន្ទដើមនេះ បានសម្រេចចិត្តបើកភ្លើងខៀវអោយបណ្តារដ្ឋទាំង២៧របស់ខ្លួន អាចប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយែន ថ្លែងថា យើងបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ដំបូង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពដំបូង ។ វ៉ាក់សាំងបន្ថែមទៀត នឹងរួចរាល់នាពេលឆាប់ៗនេះ ។ វ៉ាក់សាំងជាច្រើនដូស ដែលបានអនុម័តនៅថ្ងៃនេះ នឹងត្រូវផ្តល់ដល់បណ្តាប្រទេសជាសមាជិកទាំងអស់ក្នុងពេលតែមួយ និង លក្ខខណ្ឌតែមួយ ។
សូមជម្រាបថា វ៉ាក់សាំង COVID-19 នឹងត្រូវធ្វើការចែកចាយទៅកាន់បណ្តាប្រទេសអឺរ៉ុបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ហើយការចាប់ផ្តើមចាក់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូដដែលនេះ ។ អឺរ៉ុបទាំងមូលនឹងទទួលបានវ៉ាក់សាំងរហូតដល់២០០លានដូសនៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខណៈការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សមានវ័យចំណាស់ ៕


