លោក ដូណាល់ ត្រាំ បញ្ជាឱ្យដកកងកម្លាំងឆ្មាំជាតិចេញពីរដ្ឋធានីវ៉ាស៊ីនតោន និងថាអ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យចាប់ផ្តើមដកចេញវិញហើយនូវកងកម្លាំងឆ្មាំជាតិ ដែលត្រូវបានដាក់ពង្រាយនាពេលថ្មីៗនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់នឹងការផ្ទុះការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter នៅថ្ងៃអាទិត្យម្យិលមិញថា ខ្ញុំទើបតែបានបញ្ជាឱ្យឆ្មាំជាតិរបស់យើង ចាប់ផ្តើមដំណើរការដកខ្លួនចេញពីរដ្ឋធានីវ៉ាស៊ីនតោន… ឥឡូវនេះ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ.. ពួកគេនឹងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែអាចត្រឡប់មកវិញបានយ៉ាងលឿន បើចាំបាច់.. បាតុករបន្តិចប៉ុណ្ណោះបានបង្ហាញខ្លួនកាលពីយប់មិញជាងការរំពឹងទុក។

សូមជម្រាបថា កងកម្លាំងស្លៀកឯកសណ្ឋានយោធាមួយក្រុមត្រូវបានគេប្រទះឃើញនៅមុខសេតវិមានកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ស្របពេលក្រុមបាតុកររាប់ពាន់នាក់បានចូលទៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញនូវអ្វីដែលជាការធ្វើបាតុកម្មដ៏ធំបំផុតក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកនេះ ចាប់តាំងពីការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ ដោយសារអតីតប៉ូលិសស្បែកសក្នុងទីក្រុងមីននាផូលីស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner