អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧២ម៉ឺននាក់ និងជាសះស្បើយជាង៥៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៨លាន៣៣ម៉ឺន៣ពាន់៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧២ម៉ឺន២ពាន់៥៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៥លាន៨ម៉ឺន៤ពាន់៩១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៨លាន៦៧ម៉ឺន១ពាន់៨៦០នាក់ ស្លាប់ចំនួន៣៣ម៉ឺន៥៦៣នាក់ និងជាសះស្បើយចំនួន១០លាន៩១ម៉ឺន៩ពាន់៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩ម៉ឺន៩ពាន់៣០៣នាក់ ស្លាប់ចំនួន១៤ម៉ឺន៦ពាន់៤៧៦នាក់ និងជាសះស្បើយ៩លាន៦៦ម៉ឺន២ពាន់៦៩៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៣២ម៉ឺន២០នាក់ ស្លាប់១៨ម៉ឺន៨ពាន់២៨៥នាក់ និងជាសះស្បើយ៦លាន៣៥ម៉ឺន៤ពាន់៩៧២នាក់ ៕

