ប្រទេសចំនួន០៥ផ្អាកជើងហោះហើរពីអាហ្វ្រិកខាងត្បូង ដោយសារព្រួយបារម្ភការឆ្លងរាលដាលនៃវីរុស Covid-19 ទម្រង់ថ្មី
បរទេស៖ សារព័ត៌មានស៊ីនហួរចុះផ្សាយថា យ៉ាងហោចណាស់មានប្រទេសចំនួន០៥បានសម្រេចពន្យាពេលជើងហោះហើរពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីវីរុសកូរ៉ូណាទម្រង់ថ្មីនាពេលថ្មីៗបានឆ្លងរាតត្បាតគ្របដណ្តប់លើប្រទេសនេះ ។
ប្រទេសអាល្លឺម៉ង់ តួកគី អ៊ីស្រាអែល ស្វីស និងអារ៉ាប៊ីសាអូឌីត ស្ថិតនៅក្នុងចំណោមប្រទេសដែលបានប្រកាសហាមឃាត់ជើងហោះហើរ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស SARS-COV-2 ដែលបច្ចុប្បន្នបានក្លាយជាវីរុស 501.V2 ទម្រង់ថ្មី ។ ការផ្អាកជើងហើរនេះដែរ ត្រូវបានចូលជាធរមានគិតចាប់ពីថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ នៅក្នុងប្រទេសមួយចំនួនធំ ។ កាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានប្រកាសថា វីរុសCOVID-19ទម្រង់ថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅអង់គ្លេស ហើយ មានសមត្ថភាពឆ្លងរាលដាល លឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានសាខាប្រចាំតំបន់អឺរ៉ុបបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានកោះហៅបណ្តារដ្ឋជាសមាជិកអោយចូលរួមកិច្ចប្រជុំជាមួយ ដើម្បីពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រ និងវិធានការឆ្លើយតប ក្រោយទម្រង់ថ្មីនៃវីរុសកូរ៉ូណា ត្រូវបានរាយការណ៍នៅអង់គ្លេស ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ដែលត្រូវរៀបចំកិច្ចប្រជុំនោះនៅឡើយទេ ៕

