រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមតាមប្រព័ន្ធវីដេអូ
នៅថ្ងៃទី២២ ធ្នូ រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមតាមប្រព័ន្ធវីដេអូ។
លើវិស័យកសិកម្ម ភាគីទាំងពីរបានប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការគ្រប់គ្រងសកម្មភាពកេងប្រវ័ញ្ចខុសច្បាប់ ការដឹកជញ្ជូននិងការជួញដូរឈើហ៊ុប និងសត្វព្រៃខុសច្បាប់ឆ្លងដែន។
លើវិស័យបរិស្ថានភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីអនុវត្តឱ្យបានជោគជ័យនូវគម្រោងនានាផ្នែកបរិស្ថាន ធនធានទឹក និងឧតុនិយម ក៏ដូចជាការការពារ និងអភិរក្សបរិស្ថាន សកម្មភាពពាក់ព័ន្ធអាកាសធាតុ កំណើនបៃតង និងការគ្រប់គ្រងដីធ្លី។
លើវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍយ៉ាងខ្លាំងក្នុងពាណិជ្ជកម្មទ្វេភាគី ដោយទំហំពាណិជ្ជកម្ម មានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលចំនួននេះលើសពីទំហំគោលដៅ៥ប៊ីលានដុល្លារអាមេរិក មុនកាលកំណត់ឆ្នាំ២០២០។
លើការថែទាំសុខភាព ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “កិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កផ្នែកសុខភាពនៅតាមព្រំដែន”។
ប្រភពលិខិត៖ ក្រសួងការបរទេស