រុស្ស៊ីប្រកាសថា វ៉ាក់សាំង Sputnik V របស់ប្រទេសខ្លួនមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី
រុស្ស៊ី៖ រុស្ស៊ីប្រកាសថា វ៉ាក់សាំងប្រឆាំង Covid-19 របស់ប្រទេសខ្លួន មានឈ្មោះថា Sputnik V ដែលបានចុះបញ្ជីដំបូងគេនៅទូទាំងពិភពលោក ហើយឥឡូវនេះ ខ្លួនបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសក្លាយថ្មី ដែលកំពុងរីករាលដាលពាសពេញទ្វីបអឺរ៉ុប នេះបើតាមសារព័ត៌មាន Daily Star ។
ប្រធានមូលនិធិវិនិយោគផ្ទាល់នៃសហព័ន្ធរុស្ស៊ី លោក Kirill Dimitriev និយាយថាប្រទេសរុស្ស៊ីបានអោយដឹងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងការផ្លាស់ប្តូរទម្រង់ថ្មី ក៏ដូចជាប្រឆាំងនឹងវីរុសដែលមានស្រាប់ ហើយថា វ៉ាក់សាំង Sputnik V បានបង្ហាញពីប្រសិទ្ធភាពរបស់វាម្តងហើយម្តងទៀត បើទោះបីជាមានការផ្លាស់ប្តូរពីមុនខ្លះៗក៏ដោយ ។
សូមជម្រាបថា បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស បាននិងកំពុងធ្វើតេស្តលើវីរុសប្រភេទថ្មី ដើម្បីកំណត់ថាតើការវិវត្តនេះ នឹងមានឥទ្ធិពលអ្វីលើវ៉ាក់សាំងរបស់ក្រុមផលិតឱសថ Pfizer / BioNTech ដែលកំពុងត្រូវបានដាក់អោយប្រើប្រាស់នៅអង់គ្លេស ៕


