លោក ដូណាល់ ត្រាំ ត្រៀមចុះហត្ថលេខាលើកញ្ចប់ថវិកាសង្គ្រោះពី Covid-19 ក្រោយមានការអនុម័តពីសភាអាមេរិក
អាមេរិក៖ សភាអាមេរិកអនុម័តកញ្ចប់ថវិកាចំនួន៨៩២ពាន់លានដុល្លារ សំដៅជួយសង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ Covid-19 ក៏ដូចជាដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសម្រាប់រយៈពេលមួយឆ្នាំទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។
កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ថ្មីនេះ បានកើតមានឡើងក្រោយការចរចាគ្នាយ៉ាងតានដានអស់រយៈពេលជាច្រើនថ្ងៃមក ទើបសភាអាមេរិកទាំងពីរបានយល់ព្រមដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ដ៏ធំមួយនេះ បន្ទាប់ពីសភាតំណាងរាស្ត្របានអនុម័តជាដំបូង ហើយព្រឹទ្ធសភាក៏បានធ្វើតាមដូចគ្នានៅប៉ុន្មានម៉ោងក្រោយមក។
ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាសេចក្តីព្រាងកញ្ចប់ថវិកានេះនាពេលឆាប់ៗ ៕

