អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ
បាត់ដំបង៖ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រី អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មួយចំនួនចុះពិនិត្យមើលស្ថានភាព ច្រកទ្វាអន្តរជាតិព្រំដែនដូង នៅឃុំបឹងរាំង ស្រុកកំរៀង និងពិនិត្យមើលមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំរៀង ក្នុងឃុំអូរដា។
អភិបាលខេត្ត បានពិភាក្សាការងារស្តីពីការគ្រប់គ្រងពលករចំណាកស្រុកធ្វើចត្តាឡីស័ក ដែលបានចេញមកពីប្រទេសថៃ និងចុះពិនិត្យមើលស្ថានភាពច្រកទ្វារព្រំដែន សួនស៊ុ (អូរអន្លក់) ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ដោយសារស្ថានភាពជំងឺកូវីដ១៩ បានផ្ទុះខ្លាំងចូលតាមសហគមន៍នៅខេត្តសាមុនសាខន នាំឲ្យអ្នកឆ្លងជាង១០០០នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលខេត្ត នៅតាមព្រំដែន ត្រូវធ្វើការរឹតបន្តឹង ឲ្យខ្លាំងចំពោះការឆ្លងដែន ហើយត្រូវនាំពលករទាំងនោះធ្វើតេស្ត និងធ្វើចត្តាឡីស័ក ខ្លាចបារម្ភថាមានការចម្លងកូវីដកើតឡើងនៅក្នុងប្រទេសកម្ពុជាពីសំណាក់ពលករទាំងនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញកញ្ចប់ថវិកាក្នុងមួយខេត្ត ៥០លានរៀល ជូនខេត្តទាំងនោះសម្រាប់ការចំណាយលើការងារ៕
