លោក ចូ បៃដិន រិះគន់លោក ដូណាល់ ត្រាំ ជុំវិញវិធានការឆ្លើយតប ចំពោះក្រុមវាយប្រហារតាមអ៊ីនធើណិតលើរដ្ឋាភិបាលអាមេរិក
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានរិះគន់ចំពោះការឆ្លើយតបរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតដ៏ធំមកលើរដ្ឋាភិបាលអាមេរិក (ប្រភពមិនផ្លូវការបានចោទលើរុស្ស៊ី) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកបានរាយការណ៍ថា ក្រុមប្រតិបត្តិការមួយដែលមានការរៀបចំផ្នែកបច្ចេកវិទ្យាទុកជាមុនយ៉ាងល្អិតល្អន់ បានបើកការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត មកលើរដ្ឋាភិបាលអាមេរិកកាលពីប៉ុន្មានខែមុន តាមរយៈការលួចជ្រៀតចូលកម្មវិធីសន្តិសុខ ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ ។ ពាក់ព័ន្ធនឹងរឿងនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការវាយប្រហារទ្រង់ទ្រាយធំតាមប្រព័ន្ធព័ត៌មានវិទ្យា មកលើរដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះ ហាក់ពុំបានបង្កបញ្ហាធ្ងន់ធ្ងរឡើយ ដោយអ្វីៗស្ថិតក្រោមការគ្រប់ គ្រងបាន និងថា រុស្ស៊ីទំនងជាគ្មានទាក់ទិននឹងសកម្មភាពវាយប្រហារនេះទេ ។
ឆ្លើយតបទៅនឹងការអះអាងរបស់លោក ត្រាំ ខាងលើនេះ លោក បៃដិន បាននិយាយថា លោក ត្រាំ នៅមិនទាន់បានកំណត់ថាតើនរណាជាអ្នកទទួលខុសត្រូវនៅឡើយទេ ។ លោក បៃដិន ក៏បានព្រមានដែរថា លោកនឹងចាត់វិធានការសងសឹកវិញ នៅពេលលោកចូលកាន់តំណែងផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ៕


