លោក ដូណាល់ ត្រាំ គំរាមមិនចុះហត្ថលេខាលើកញ្ចប់ថវិកាសង្គ្រោះពី Covid-19 ព្រោះចង់បង្កើនចំនួនទឹកប្រាក់បន្ថែមទៀត
អាមេរិក៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះគំរាមថា នឹងមិនចុះហត្ថលេខាលើកញ្ចប់ថវិកាសង្គ្រោះប្រទេសជាតិពីជំងឺ COVID-19 ដែលមានទឹកប្រាក់៨៩២ពាន់លានដុល្លារ ដោយលោកបញ្ជាក់ថា វាគួរតែត្រូវធ្វើការកែសម្រួល ដើម្បីបង្កើនចំនួនទឹកប្រាក់ទៅតាមកម្រិតនៃការបង់ពន្ធ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
តាមរយៈបណ្តាញសង្គម Twitter លោក ត្រាំ បានណែនាំឲ្យសភារៀបចំកញ្ចប់ថវិកាជាថ្មី ដោយត្រូវកាត់បន្ថយការចំណាយមិនចាំបាច់ចោល ហើយបង្កើនថវិកាជំនួយវិញ សម្រាប់ប្រជាជនជាក់ស្តែង បើមិនដូច្នោះទេ គឺត្រូវរង់ចាំដល់រដ្ឋបាលក្រោយ ជាអ្នកដោះស្រាយបញ្ហាកញ្ចប់ថវិកានេះ ។
កន្លងមកប្រធានាធិបតីអាមេរិករូបនេះ ចង់ឲ្យសភាបង្កើនចំនួនថវិកាទៅតាមប្រព័ន្ធត្រួតពិនិត្យការបង់ពន្ធរហូតដល់២ពាន់ដុល្លារសម្រាប់មនុស្សម្នាក់ៗ និង ៤ពាន់ដុល្លារសម្រាប់គូស្វាមី ប៉ុន្តែនៅក្នុងកញ្ចប់ថវិកាដែលសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិកទើបតែបានអនុម័តកាលពីដើមសប្តាហ៍នេះ គឺមានតែ ៦០០ដុល្លារសម្រាប់មនុស្សម្នាក់ៗប៉ុណ្ណោះ ៕

