អនុប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមាន Covid-19 ចំពេលមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន៣៤៤នាក់បន្ថែមទៀត
ប្រេស៊ីល៖ អនុប្រធានាធិបតីប្រេស៊ីល លោក ហាមីលតុន មូរ៉ាវ ធ្វើតេស្ដរកឃើញវិជ្ជមាន COVID-19 នេះបើតាមការបញ្ជាក់ពីការិយាល័យរបស់លោកផ្ទាល់នៅថ្ងៃអាទិត្យម្សិលមិញ ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
អនុប្រធានាធិបតីប្រេស៊ីលរូបនេះ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយលោក មូរ៉ាវ មានសុខភាពល្អធម្មតា ហើយនឹងត្រូវស្ថិតនៅដាច់ដោយឡែកពីគេ ។
លោក មូរ៉ាវ គឺជាមន្ត្រីកំពូលចុងក្រោយគេបំផុតរបស់ប្រធានាធិបតីប្រេស៊ីល លោក ហ៊ែរ បុលសូណារ៉ូ ដែលបានឆ្លង COVID-19 ។ លោក បុលសូណារ៉ូ ដែលតែងតែចាត់ទុកថា COVID-19 ជាជំងឺផ្ដាសាយធម្មតា ក៏ធ្លាប់បានឆ្លងជំងឺនេះដែរ កាលពីខែកក្កដាកន្លងទៅ និងបន្ទាប់មកត្រូវបានគេព្យាបាលជាសះស្បើយឡើងវិញ ៕

