ទីបំផុតលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ថវិកាសង្គ្រោះពីវិបត្តិ Covid-19 និងដើម្បីជៀសវាងការបិទរដ្ឋាភិបាល
ថៃ៖ ទីបំផុតប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលើច្បាប់មួយ ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការចំណាយលើកញ្ចប់ថវិកា ពាក់ព័ន្ធនឹងជំងឺ Covid-19 ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
កន្លងមក លោក ត្រាំ បានបដិសេធចុះហត្ថលេខា ដោយនិយាយថា លោកចង់ផ្តល់ឲ្យប្រជាជននូវប្រាក់កាន់តែធំ ខណៈការពន្យាពេលនេះ នឹងធ្វើអោយពលរដ្ឋអាមេរិករាប់លាននាក់ដែលគ្មានការងារធ្វើ ត្រូវបាត់បង់អត្ថប្រយោជន៍ជាបណ្តោះអាសន្ន ។ ក្នុងករណីដែលលោក ដូណាល់ ត្រាំ មិនចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ខាងលើនេះអោយទៅជាច្បាប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃ ចន្ទ ដើមនេះទេនោះ ការបិទរដ្ឋាភិបាលមួយផ្នែកនឹងចាប់ផ្តើមឡើង ខណៈប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ក៏បានព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោក ត្រាំ បន្តពន្យារពេលការចុះហត្ថលេខាផងដែរ ។
សូមជម្រាបថា កញ្ចប់ជំនួយដែលមានទំហំទឹកប្រាក់៩០០ពាន់លានដុល្លារ ត្រូវបានអនុម័តដោយសភា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ ។ វាជាផ្នែកមួយនៃកញ្ចប់ចំណាយ២.៣ទ្រីលានដុល្លារ ដែលរួមបញ្ចូលទាំងទឹកប្រាក់១.៤ទ្រីលានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធធម្មតាផងដែរ ៕

