ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca បញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួននឹងមានប្រសិទ្ធភាពក្នុងការប្រឆាំងជាមួយវីរុស Covid-19 ទម្រង់ថ្មី
អង់គ្លេស៖ ប្រធានក្រុមហ៊ុនផលិតឱសថ អាស្រ្តាហ្សេណេកា ដែលកំពុងបង្កើតវ៉ាក់សាំង Covid-19 ដែលត្រូវបានរំពឹងថា នឹងទទួលការអនុម័តអោយប្រើដោយអាជ្ញាធរអង់គ្លេសនៅសប្តាហ៍នេះ បានបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញថា ក្រុមអ្នកស្រាវជ្រាវជឿថា វ៉ាក់សាំងរបស់ខ្លួននឹងមានប្រសិទ្ធភាពប្រឆាំងជាមួយវីរុស Covid-19 ទម្រង់ថ្មី ដែលកំពុងឆ្លងរាតត្បាតយ៉ាងរហ័សនៅប្រទេសអឺរ៉ុបនេះ ។
នាយកប្រតិបត្តិក្រុមហ៊ុនឱសថអង់គ្លេស អាស្រ្តាហ្សេណេកា លោក ប៉ាស្កាល់ សូរៀត ក៏បានប្រាប់កាសែត Sunday Times ថា អ្នកស្រាវជ្រាវដែលកំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួន បានរកឃើញរូបមន្តឈ្នះ ដែលធ្វើអោយវ៉ាក់សាំងមានប្រសិទ្ធភាពដូចវ៉ាក់សាំងរបស់គូប្រជែងដែរ ។ លោក សូរៀត បានសង្កត់ធ្ងន់ថា បន្ទាប់ពីចាក់ពីរដូស យើងគិតថា យើងបានរកឃើញរូបមន្តឈ្នះ និងវិធីដើម្បីទទួលបានប្រសិទ្ធភាព… វាត្រៀមរួចហើយសម្រាប់មនុស្សគ្រប់គ្នា… ខ្ញុំមិនអាចប្រាប់អ្នកបន្ថែមទៀតបានទេ ព្រោះយើងនឹងចេញផ្សាយលទ្ធផលនៅពេលឆាប់ៗខាងមុខនេះ ។
សូមជម្រាបថា យោងតាមលទ្ធផលមួយផ្នែកបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា មានប្រសិទ្ធភាពប្រហែល៧០ភាគរយ ក្នុងការប្រឆាំងនឹង Covid-19 បើធៀបទៅនឹងប្រសិទ្ធភាព៩៥ភាគរយ ដែលរាយការណ៍ដោយក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ និងដៃគូអាល្លឺម៉ង់ បាយអូអិនធិច ៕


