ហុងកុងអនុម័តច្បាប់គោរពភ្លេងជាតិចិន ហើយអ្នកមិនអនុវត្តន៍នឹងមានទោសជាប់ពន្ធធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦.៥០០ដុល្លារ

ហុងកុង៖ រដ្ឋសភាក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាស់មួយ ដែលចាត់ទុកជាបទឧក្រិដ្ឋនូវការមិនគោរពភ្លេងជាតិចិន ខណៈមានការប្រឆាំងជាទូទៅនៅក្នុងដែនដីពាក់កណ្តាលស្វយ័តនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។

ច្បាប់ចម្រូងចម្រាសនេះត្រូវបានអនុម័តមុនម៉ោង៥រសៀលថ្ងៃព្រហស្បតិ៍ ដោយសំឡេងគាំទ្រ៤១ និងប្រឆាំង១សំឡេង និងបន្ទាប់ពីអ្នកតាក់តែងច្បាប់ដែលគាំទ្រប្រជាធិបតេយ្យត្រូវគេហាមមិនឲ្យចូលរួម ដោយសារបានធ្វើការតវ៉ាខ្លាំងៗ និងហៅការអនុម័តច្បាប់នេះថា មានលក្ខណៈដូចឃាតកម្ម ។ ការអនុម័តច្បាប់ថ្មីឲ្យគោរពភ្លេងជាតិចិននេះ កើតឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រោងអនុវត្តច្បាប់ចម្រូងចម្រាស់មួយទៀត គឺច្បាប់សន្តិសុខជាតិសម្រាប់ហុងកុងដែលទើបអនុម័តថ្មីៗដែរ ។

សូមជម្រាបថា សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដើម្បីជាការឆ្លើយតបទៅនឹងទង្វើរបស់អ្នកចូលរួមមើលការប្រកួតបាល់ទាត់មួយចំនួន ដែលតែងតែស្រែកឌឺដងឲ្យភ្លេងជាតិចិន ។ ក្រោមច្បាប់ថ្មី អ្នកដែលរកឃើញថា មានទោសអាចជាប់ទោសពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យរហូតដល់៦.៥០០ដុល្លារ ។ ច្បាប់ថ្មីនេះ ក៏តម្រូវឲ្យសាលារៀនបញ្ចូលមេរៀនអំពីភ្លេងជាតិចិនទៅក្នុងកម្មវិធីសិក្សាផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner