អាជ្ញាធរខណ្ឌច្បារអំពៅ នឹងបន្តបង្កើនសមត្ថភាពឱ្យបានខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ជាពិសេសក្នុងឆ្នាំថ្មី២០២១ ខាងមុខនេះ

ភ្នំពេញ ៖ ផ្អែកលើស្មារតីម្ចាស់ការ និងទំនួលខុសត្រូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈបញ្ហាសន្តិសុខសុវត្ថិភាពសង្គម គឺជាកត្តាសំខាន់ និងសម្បងជាងគេបង្អស់សម្រាប់ការរស់នៅរបស់បងប្អូន ពលរដ្ឋទូទៅ មិនថានៅទីជិតទីឆ្ងាយ តំបន់មានមនុស្សរស់នៅតិច ឬទីប្រជុំជននោះឡើយ ហើយបញ្ហានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ឬឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវអនុវត្តន៍ភារកិច្ចជានិច្ច ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសង្គមនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងសាធារណះដែលឋិតក្រោមដែនឱវាទរបស់លោក ក្នុងនោះ មានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាដើម ធ្វើយ៉ាងខិតខំបង្កើនសមត្ថភាពការពាររបស់ខ្លួនបន្ថែមទៀត ក្នុងការ ការពារដល់សុខសុវត្ថិភាពពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ នូវរាល់បទល្មើសខុសច្បាប់ទាំងឡើយកុំអោយកកើតមាន ដើម្បីធានាបានចំពោះការរស់នៅរបស់ពលរដ្ឋ ពិសេសសង្គមជាតិទាំងមូលផងដែរ អោយសមនឹងពាកក្យស្លោក ថា « ភូមិសង្កាត់មានសុវត្ថិភាព » សម្រាប់ឆ្នាំថ្មី ២០២១ ដែលខិតនឹងចូលមកដល់ឆាប់ៗប៉ុន្មានថ្ងៃខាងមុខនេះ ។

លោកអភិបាលខណ្ឌ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ គណះបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមានចូលរួមពីសំណាក់ លោកលោកស្រីអភិបាលរងខណ្ឌ , អធិការនគរបាលខណ្ឌ , មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ រួមជាមួយចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៨ និងមន្ត្រីការិយាល័យចំណុះជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានថ្លែងថា សម្រាប់ឆ្នាំ២០២១ ដែលជាឆ្នាំថ្មីទំព័រថ្មី នឹងខិតចូលមកដល់ឆាប់ៗនេះ ដូច្នេះហើយសម្រាប់សមត្ថភាពការការ និងទំនួលខុសត្រូវរបស់អាជ្ញាធរ ដែលមានកាតព្វកិច្ចបម្រើ និងការពារពលរដ្ឋ ក៏ត្រូវតែបង្កើនសមត្ថភាព ក៏ដូចជាប្តូរនូវយុទ្ធសាស្ត្រផ្សេងៗបន្ថែមទៀតអោយបានច្រើន ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល អាចអោយពួកគាត់រស់នៅបានប្រកបដោយភាពសុខុដុមរមនាបំផុត ផងដែរ ។

លោកអភិបាល ថ្លែងបន្ថែមថា លើសពីការការពារហើយនោះ អាជ្ញាធរ និងកម្លាំងពាក់ព័ន្ធគ្រប់ថ្នាក់ ក៏ត្រូវបង្កើននូវសមត្ថភាពក្នុងការទប់ស្កាត់នូវបទល្មើសកុំអោយកើតមានក្នុងមូលដ្ឋានផងដែរ ដូចជា ៖ អំពើរលួច ឆក់ ប្លន់ ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាចម្បងជាខ្លាំងក្នុងការបង្កអោយមានហនិភ័យខ្ពស់ចូលតាមតំបន់ និងបណ្តា សហគមន៍ផ្សេងៗ ព្រោះបញ្ហាគ្រឿងញៀននេះ ងាយបំផុតក្នុងការរីករាលដាលបានយ៉ាងរហ័ស ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ , ពីមិត្តភក្តិទៅមិត្តភក្តិ ទៅអ្នកស្គាល់គ្នា និងគ្រួសារ និងឈានដល់ជ្រាបចូលដល់សង្គមផងដែរ ប្រសិនបើកម្លាំងពាក់ព័ន្ធទាំងអស់ពុំបានធ្វើការទប់ស្កាត់ ឬបង្ក្រាបជាមុន ។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ ក៏បានស្នើរដល់មន្ត្រីការិយាល័យជំនាញក្រោមឱវាទ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បន្ថែម លើការផ្តល់ និងបំពេញនូវសេវាតម្រូវការផ្សេងៗជាច្រើនរបស់បងប្អូនពលរដ្ឋ លើការធ្វើលិខិតស្នាម និងឯកសារមួយចំនួន ត្រូវបំពេញជូនពួកគាត់អោយបានល្អប្រកបដោយការទទួលខុសត្រូវ និងត្រូវបំពេញជូនពួកគាត់អោយបានឆាប់រហ័សបំផុត ជៀសវៀងការយឺតយ៉ាវ ដើម្បីអាចអោយពួកគាត់យកលិខិត ឬឯកសារទាំងនោះ យកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់រៀងៗខ្លួនរបស់ពួកគាត់ ។

បន្ថែមពីនេះ លោកអភិបាលក៏បានដាក់បញ្ជារបន្ថែមសម្រាប់ឆ្នាំថ្មី២០២១ ដល់គ្រប់បណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំនូវសណ្តាប់ធ្នាប់សាធារណះក្នុងដែនគ្រប់គ្រងរបស់ខ្លួនអោយបានល្អ និងពិសេស ត្រូវបន្តជានិច្ចនូវសកម្មភាព សម្អាតបរិស្ថានអនាម័យ អោយបានខ្ជាប់ខ្ជួន និងស្អាតល្អ ដើម្បីបរិស្ថានល្អក្នុងមូលដ្ឋានខណ្ឌ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner