ឯកឧត្តមបណ្ឌិត ហេង សុខគង់ បន្តនាំយកបរិក្ខារពេទ្យ ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ប្រគល់ជូនមន្ទីរពេទ្យអង្គឌួងដើម្បីចូលរួមចំណែកការពារ និងបង្ការជំងឺ Covid-19
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា និងសហការី បានបន្តនាំយកបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លាថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនទៅមន្ទីរពេទ្យអង្គឌួង ដើម្បីចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យយើងក្នុងការការពារ ជំងឺកូវីដ១៩ ក៏ដូចជាសម្រាប់ក្រុមគ្រូពេទ្យយើងប្រើប្រាស់ក្នុងការបង្ការ និងការពារពីមេរោគដទៃទៀតផងដែរ ដែលសម្ភារៈទាំងអស់រួមមាន ៖ អាល់កុល ចំនួន ២០កាដុង ម៉ាស់ចំនួន ១ម៉ឺន ជែលចំនួន២០កេស និងសាប៊ូលាងដៃចំនួន២០កាដុង ។
ជាមួយនឹងការពាំនាំបណ្តាំសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ មកជូនដល់ក្រុមគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យអង្គឌួង ឯកឧត្តមបណ្ឌិត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលជានិច្ចកាលបានយកអស់ចំណេះដឹង និងជំនាញធ្វើការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋខ្មែរ និងអ្នកជំងឺបរទេសទាំងអស់ប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ទន្ទឹមនឹងនេះដែរ គឺកិច្ចសហការល្អក្នុងការងារមនុស្សធម៌របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យអង្គឌួង បានផ្តាំផ្ញើរអរគុណឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលជានិច្ចកាលបានឧបត្ថម្ភគាំទ្រ និងគិតគូរពីសុខទុក្ខរបស់ក្រុមគ្រូពេទ្យយើង ហើយលោកវេជ្ជបណ្ឌិតសន្យានឹងយកអំណោយនេះប្រើប្រាស់ឲ្យបានចំទិសដៅ មិនត្រឹមតែក្នុងការបង្ការ និងការពារជំងឺ COVID-19 ប៉ុណ្ណោះទេ តែសម្រាប់បង្ការ និងការពារពីមេរោគដទៃៗទៀតផងដែរ៕ ដោយ-រ៉ាវុធ