ចិនត្រៀមអនុញ្ញាតឲ្យជើងហោះហើរបរទេសកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសខ្លួនវិញ ស្របពេលដែលសហរដ្ឋអាមេរិកបែរជាហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន
ចិន៖ ចិននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បរទេសកាន់តែច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ប្រតិបត្តិការជើងហើររបស់ខ្លួនមកកាន់ចិនដីគោកវិញ ក្រោយរឹតត្បិតអស់រយៈពេលជាច្រើនខែ ដើម្បីទប់ស្កាត់ឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
ការកែសម្រួលនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន ហោះហើរមកកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៦ ខែមិថុនានេះតទៅ ជាការដាក់សម្ពាធឱ្យទីក្រុងប៉េកាំង អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រតិបត្តិការជើងហោះហើរទៅកាន់ប្រទេសចិនឡើងវិញ ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យបង្កើនចំនួនជើងហោះហើរអន្តរជាតិមកកាន់ចិនដីគោក០២លើកក្នុងមួយសប្ដាហ៍ នៅក្នុងករណីដែលគ្មានអ្នកដំណើរនៅលើជើងហោះហើររបស់ពួកគេណាម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 សម្រាប់រយៈពេល០៣សប្ដាហ៍ជាប់ៗគ្នា ៕