ជប៉ុនគ្រោងផ្តល់ប្រាក់៣០០លានដុល្លារ ក្នុងគោលបំណងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានវ៉ាក់សាំងចាំបាច់នានា
ជប៉ុន៖ អង្គការ Gavi, the Vaccine Alliance ដែលត្រូវបានបង្កើតឡើងដោយមូលនិធិ Bill & Melinda Gates Foundation របស់កំពូលមហាសេដ្ឋីអាម៉េរិក លោក Bill Gates ព្រមទាំងភរិយា នឹងទទួលបានថវិកា៣០០លានដុល្លារពីជប៉ុននៅឆ្នាំ២០២១ ដោយការផ្តល់នេះនឹងធ្វើឡើងសម្រាប់រយៈពេល០៥ឆ្នាំ (២០២១-២០២៥) នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។
អង្គការ Vaccine Alliance នេះ តាមរយៈការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ ដូចជា WHO, UNICEF និងធនាគារពិភពលោកជាដើម ក៏ដូចជាតាមរយៈថវិកា ដែលត្រូវបានបរិច្ចាគពីបណ្តាប្រទេសនានា បាននឹងកំពុងជួយប្រទេសកំពុងអភិវឌ្ឍទទួលបានវ៉ាក់សាំងផ្សេងៗក្នុងតម្លៃធូរថ្លៃ ។
ពាក់ព័ន្ធជំងឺរាតត្បាតជាសកល COVID-19 វិញ អង្គការ Vaccine Alliance ក៏កំពុងផ្តល់ថវិកាទៅកាន់ប្រព័ន្ធសុខាភិបាល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ការពារបុគ្គលិកសុខាភិបាលរបស់ខ្លួន និងទិញឧបករណ៍ធ្វើតេស្តជាដើម ៕