អ៊ីរ៉ង់ចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង Covid-19 ផលិតក្នុងស្រុកទៅលើមនុស្សជាលើកដំបូង
អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ចុះផ្សាយថា ការសិក្សាដំណាក់កាលដំបូងនៃសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Covid-19 ដែលផលិតនៅក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការហើយនៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
វ៉ាក់សាំង Covid-19 ដែលត្រូវបានយកមកធ្វើតេស្តលើមនុសជាលើកដំបូងនេះ គឺផលិតឡើងដោយក្រុមហ៊ុនឱសថ ហ្ស៊ីហ្វា ហ្វាម ជាផ្នែកមួយនៃសហគ្រាសផលិតឱសថរបស់រដ្ឋ ដែលត្រូវបានគេស្គាល់ថា បារីខាត់ (Barekat) ។ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានចាក់ផ្សាយរូបភាពនៅឯពិធីធ្វើតេស្តវ៉ាក់សាំង ដោយបង្ហាញបុរសពីរនាក់ និងស្ត្រីម្នាក់ទទួលការចាក់ថ្នាំបង្ការ នៅចំពោះមុខវត្តមានរដ្ឋមន្ត្រីសុខាភិបាល និងអនុប្រធានាធិបតីអ៊ីរ៉ង់ដែលទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ។
សូមជម្រាបថា វ៉ាក់សាំងនេះនឹងចាក់ទៅអ្នកស្ម័គ្រចិត្ត៥៦នាក់ចំនួន២ដូសម្នាក់ ក្នុងអំឡុងរយៈពេល០២សប្តាហ៍ដាច់ដោយឡែកពីគ្នា នេះយោងតាមគេហទំព័រ អាយរីបញ៊ូ (Iribnews) របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលដកស្រង់សម្តីមន្ត្រីទទួលបន្ទុកផលិតវ៉ាក់សាំង ។ ហើយលទ្ធផលនឹងប្រកាសនៅ២៨ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទីពីរ ៕

