វេណេស៊ុយអេឡាចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ក្នុងការបញ្ជាទិញវ៉ាក់សាំង Sputnik V ចំនួន១០លានដូស ដើម្បីចែកចាយឥតគិតថ្លៃក្នុងប្រទេសរបស់ខ្លួន
វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសថា រុស្ស៊ីនឹងដឹកជញ្ជូនវ៉ាក់សាំង Sputnik V ទៅដល់មនុស្សចំនួន១០លាននាក់ ហើយថា រូបលោកសង្ឃឹមថា នឹងបញ្ចប់ការចាក់វ៉ាក់សាំងជុំទី១ ក្នុងរយៈពេល០៣ខែដំបូងនៃឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
កិច្ចព្រមព្រៀងខាងលើត្រូវបានប្រកាសអំឡុងពេលថ្លែងសារតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ដោយលោក ម៉ាឌូរ៉ូ បាននិយាយថា វ៉ាក់សាំងនឹងត្រូវចែកចាយដោយឥតគិតថ្លៃដល់ប្រជាជនទាំងមូលដែលរស់នៅក្នុងប្រទេស បើទោះជាពួកគេជាជនជាតិកូឡុំប៊ី, ព័រទុយហ្កាល់, អ៊ីតាលី និងវេណេស៊ុយអេឡា ស្របពេលដែលកូឡុំប៊ីមានផែនការដកជនអន្តោប្រវេសន៍វេណេស៊ុយអេឡាចំនួន៩០ម៉ឺននាក់ ចេញពីការចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន ។ ទន្ទឹមគ្នា ប្រធានាធិបតីកូឡុំប៊ីលោក អ៊ីវ៉ាន់ ឌូហ្កេ បានថ្លែងការពារវិធានការនេះថា រូបលោកផ្តល់អាទិភាពដំបូងដល់ពលរដ្ឋកូឡុំប៊ី មុនប្រជាជនជាតិសាសន៍ដទៃទៀត ដែលប្រការនេះធ្វើអោយមានការចោទប្រកាន់ពីការរើសអើងជនបរទេសពីសំណាក់ក្រុមប្រឆាំង ក៏ដូចជាលោក ម៉ាឌូរ៉ូ ផងដែរ ។
លោក ម៉ាឌូរ៉ូ ក៏បានបង្ហោះសារនៅលើ Twitter ថា ខ្ញុំសូមអរគុណដល់លោកប្រធានាធិបតីរុស្ស៊ី ពូទីន ចំពោះជំហានដ៏សំខាន់ក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅក្នុងប្រទេសវេណេស៊ុយអេឡា ៕


