សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារទីស្នាក់ការបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ និងស្រស់ស្អាត នៅព្រឹកនេះ
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមាន ព្រឹទ្ធ សភា ។
អគារថ្មី នៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដី ទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ៥,៤០០ម៉ែត្រក្រឡា និងមានកម្ពស់ចំនួន៦ជាន់។ អគារ ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។
អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ហើយប្រមាណ ៩៥% ។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាត នៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបាន រំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។
គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយ ទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវ ឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។ ចាប់តាំងពីចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា បានប្រកាន់ ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជន ផ្សារភ្ជាប់ រួមសុខទុក្ខ ជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
អគារទីស្នាក់កណ្តាលគណបក្សប្រជាជន កម្ពុជា ដែលរំលេចខ្លួនកណ្តាលរាជធានីភ្នំពេញ ជាការឆ្លុះបង្ហាញឱ្យឃើញពីអានុភាព ក៏ដូចជាភាព មហស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗគួរជាទីមោទន ភាពជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជ សាសន៍ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។
វត្តមានអគារដ៏ស្កឹមស្កៃនៃអគារ ក៏ជាការបង្ហាញ ឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្ស ប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបាន សម្រាប់ជាតិ និងប្រជាជនកម្ពុជា តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល ៕ធ.ដ