សហរដ្ឋអាម៉េរិកបញ្ជាឲ្យផ្អាកការហោះហើររបស់យន្តហោះចិនទាំងអស់ ទាំងចូល និងចេញពីសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ បានបញ្ជាឲ្យផ្អាកការហោះហើររបស់យន្តហោះចិនទាំងអស់ ទាំងចូល និងចេញពីសហរដ្ឋអាម៉េរិក បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងមិនអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ អាម៉េរិកបន្តសេវាមកកាន់ចិនឡើងវិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។
កន្លងមកនេះ ក្រសួងគមនាគមន៍អាម៉េរិកបានលើកឡើងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកបានស្នើសុំបន្តសេវាដឹកអ្នកដំណើរ ចាប់ពីថ្ងៃ០១ ខែមិថុនាតទៅ តែរដ្ឋាភិបាលចិនមិនអនុញ្ញាត ដែលជាការរំលោភកិច្ចព្រមព្រៀងគមនាគមន៍ផ្លូវអាកាសរបស់យើង ។ ការផ្អាកខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃ១៦ ខែមិថុនានេះ តែអាចត្រូវបានអនុវត្តន៍លឿនជាងនេះ ប្រសិនបើលោក ដូណាល់ ត្រាំ បញ្ជាឲ្យធ្វើវា នេះបើតាមក្រសួងគមនាគមន៍អាម៉េរិក។
ហើយការផ្អាកនេះទៀតសោត នឹងត្រូវអនុវត្តលើក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលចិនចំនួន០៧ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនតែ០៤ប៉ុណ្ណោះ ដែលកំពុងដំណើរការហោះហើរមកកាន់បណ្តាទីក្រុងរបស់សហរដ្ឋអាម៉េរិក ក្នុងនោះមានដូចជា ក្រុមហ៊ុនអាកាសចរណ៍ Air China និង China Eastern Airlines ៕




