អ្នកវិទ្យាសាស្រ្តអង់គ្លេសអះអាងថា កុមារអាយុចន្លោះពី១២ទៅ១៦ឆ្នាំទំនងជាធ្វើអោយ Covid-19 ឆ្លងរាលដាលខ្លាំងជាងក្រុមអាយុដទៃទៀតរហូតដល់៧ដង
អង់គ្លេស៖ កុមារដែលមានអាយុចន្លោះពី១២ទៅ១៦ឆ្នាំប្រហែលជាធ្វើអោយជំងឺ Covid-19 ឆ្លងរីករាលដាលខ្លាំងជាងក្រុមអាយុដទៃទៀត នេះបើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្តរបស់រដ្ឋាភិបាលអង់គ្លេស ចុះផ្សាយដោយសារព័ត៌មាន Daily Star នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Sir Mark Walport ដែលមកពីក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីភាពអាសន្ន (SAGE) បានប្រាប់កម្មវិធី Andrew Marr Show របស់ទូរទស្សន៍ BBC ថា យើងដឹងថា មនុស្សម្នាក់អាយុចន្លោះពី១២ទៅ១៦ឆ្នាំងាយនឹងចម្លងរោគចូលក្នុងគ្រួសារខ្លាំងជាងមនុស្សក្រុមអាយុដទៃទៀត រហូតដល់ទៅ៧ដង ។ ហើយយើងដឹងថា មានការធ្លាក់ចុះតិចតួចនៃករណីឆ្លងក្នុងចំណោមកុមារនៅសាលារៀន បន្ទាប់ពីឆមាសទីមួយ ប៉ុន្តែវាបានកើនឡើងម្តងទៀតនៅពេលពួកគេត្រឡប់មកសាលារៀនវិញ ។
ការអត្ថាធិប្បាយខាងលើនេះរបស់លោកសាស្រ្តាចារ្យ Sir Mark Walport បានកើតមានឡើងចំពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន កំពុងជំរុញអោយឪពុកម្តាយបញ្ជូនកូនៗរបស់ពួកគេត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែក្រុមប្រឹក្សាមូលដ្ឋានមួយចំនួន កំពុងទទូចអោយរដ្ឋាភិបាលពន្យារពេលបើកទ្វារសិន ៕
