ក្នុងរយៈពេល១១ខែឆ្នាំ២០២០ កម្ពុជានាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន និង រកបានចំណូលជាង៣៨០លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន២៨ម៉ឺន៥ពាន់៥៨៩តោន កើនឡើង២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។
របាយការណ៍ដដែលបានអោយដឹងទៀតថា ក្នុងរយៈពេល១១ខែឆ្នាំ២០២០មកនេះ តម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ១ពាន់៣៤១ដុល្លារក្នុង១តោន ។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ មានជាង៣៨០លានដុល្លារ ។ អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន៤០ម៉ឺន១ពាន់៦៩៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន២៨ម៉ឺន៩ពាន់៨៣៧ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន១១ម៉ឺន១ពាន់៨៦៣ហិកតា ស្មើនឹង២៨ភាគរយ ។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ ។ ជ័រកៅស៊ូរបស់កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ៕


