រដ្ឋបាលខេត្តបាត់ដំបងនៅតែបន្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលកៅស៊ូបេទីមACនិងផ្លូវបេតុងអាម៉េក្នុងទីប្រជុំជនក្រុង-ខេត្តរបស់ខ្លួន

     ផ្លូវក្រាលបេតុងអាម៉េ ប្រវែង១.៨០០ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង បន្តអនុវត្តនូវគម្រោងអភិវឌ្ឍន៍ក្នុងខេត្តរបស់ខ្លួន បើទោះបីជាស្ថានភាពនៃការរាតត្បាតជាសកលពីជម្ងឺកូវីដ-19 ធ្វើការរំខានដល់ផ្នែកខ្លះនៃការអភិវឌ្ឍក្នុងខេត្តរបស់ខ្លួនក៏ដោយ។ជាក់ស្តែង នៅរសៀលថ្ងៃទី០៤ខែមករាឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវក្រាលបេតុងអាម៉េប្រវែង១.៨០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាគាំ១  សង្កាត់ទួលតាឯកនិងភូមិអង់ សង្កាត់អូរចារ  ក្រុង-ខេត្តបាត់ដំបង។

      ក្នុងការចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវមួយខ្សែដែលជាកំណាត់ផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ៥  ចូលមកផ្លូវក្នុងក្រុង បាត់ដំបង ដោយក្រាលបេតុងអាម៉េ នៅចំណុចភូមិសាស្ត្រខាងលើនេះ ត្រូវបានលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា៖ ការចុះពិនិត្យមើលផ្លូវចាក់ក្រាលបេតុង ចំនួន០១ខ្សែដែលមានប្រវែង១.៨០០ម៉ែត្រនៅថ្ងៃនេះ។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបន្តស្នេីសុំនូវថវិកាឥណទានបន្ថែមសំរាប់ឆ្នាំ២០២១ដើម្បីយកធ្វើការកែលម្អផ្លូវមួយចំនួន ក្នុងខេត្តឲ្យបានប្រសើរឡើងថែមទៀត ក្រោយពីរងនូវផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់កន្លងមកនិងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន ក្នុងខេត្តបាត់ដំបង។ជាពិសេស បណ្តាផ្លូវសំខាន់ៗ នៅក្នុងទីប្រជុំជនក្រុងបាត់ដំបង និងបណ្តាស្រុកនានា មួយចំនួនក្នុងខេត្ត។

     បើតាមការគូសបញ្ជាក់ ពីលោកនាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តបាត់ដំបង ក៏បានសង្កត់ធ្ងន់ឲ្យដឹងផងដែរថា៖ ថ្មីៗ នៅដើមឆ្នាំ២០២១នេះ បើទោះបីជាគម្រោងនិងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមមួយចំនួន ទទួលរងនូវផលប៉ះពាល់រាំងស្ទះខកខាន ដោយសារតែវិបត្តិជាសកលពីកូវីដ-19 និងការប្រឈមនានាដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរកន្លងមកក៏ដោយ ក៏រដ្ឋបាលខេត្តបាត់ដំបង នៅតែពុះពារនិងបន្តផែនការសកម្មភាពក្នុងការអភិវឌ្ឍធ្វើការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីប្រជុំជនខេត្ត បានល្អប្រសើរជាបន្តបន្ទាប់ ដោយក្នុងនោះបានធ្វើការកែលម្អផ្លូវលេខ២ ក្នុងទីប្រជុំជនក្រុងបាត់ដំបង ដោយចាក់ក្រាលកៅស៊ូបេទីមAC ប្រវែង ២.៥០០ម៉ែត្រត្រីគុណ។

       សូមបញ្ជាក់ផងដែរថា៖ នៅឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការកែលម្អផ្លូវ លេខ១ រ៉បតាមដងស្ទឹងសង្កែ ទាំងត្រើយខាងលិចនិងត្រើយខាងកើត។ ផ្លូវជុំវិញផ្សារណាត់បាត់ដំបង និងផ្លូវពីស្ពានថ្មចាស់ ទល់មុខអាគារសាលាខេត្ត និងនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង ត្រូវបានចាក់ក្រាលកៅស៊ូបេទីមAC  រួចរាល់ជាស្ថាពរ  និងដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់មកហើយ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner