Telsa កំពុងតាមប្រមាញ់រកប្រធានផ្នែកឌីសាញម្នាក់សម្រាប់ផលិតរថយន្តឲ្យទីផ្សារចិន
ប៉េកាំង៖ យោងតាមការចេញផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស Telsa ត្រូវបានគេដឹងថាកំពុងតែធ្វើការស្វែងរកបុគ្គលិកដ៏សំខាន់ម្នាក់មកកាន់តំណែងជាប្រធានផ្នែកឌីសាញរថយន្តសម្រាប់ទីផ្សារនៃប្រទេសចិន។
ប្រភពដដែលបានសរសេរទៀតថា ការព្យាយាមនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ Telsa ដែលធ្វើយ៉ាងណាដើម្បីអាចដំណើរការពេញប្រតិបត្តិការ 100 ភាគរយនៅក្នុងរោងចក្ររបស់ខ្លួននៅក្រុងសៀងហៃ និងទីក្រុងប៉េកាំងប្រទេសចិន ជាពិសេសគឺការបញ្ចេញគំរូរថយន្តដែលនឹងអាចចាប់យកទំនោរចំំណង់ចំណូលចិត្តនៃអតិថិជនជាជនជាតិចិនតែម្តង។
ក្រៅពីនេះ Telsa បានប្រើប្រាស់ពេលវេលាអស់ 4 ខែមកដើម្បីធ្វើការងារទៅលើបញ្ហានេះដោយក្នុងនោះទាំងប្រធានផ្នែកគ្រប់គ្រងបុគ្គលិក និងប្រធានផ្នែកផ្សេងៗទៀតបាននាំគ្នាជួយប្រកាសរកតាមរយៈបណ្តាញរបស់ខ្លួនយ៉ាងខ្លាំងក្លាផងដែរ។
បេក្ខភាពដែលអាចមានសមត្ថភាពមកបំពេញការងារនេះបាន Telsa តម្រូវឱ្យមានបទពិសោធយ៉ាងហោចណាស់ 20ឆ្នាំ មានបទពិសោធ និងស្គាល់ច្បាស់ចំណង់ចំណូលចិត្ត ជាមួយនឹងទីផ្សារជាជនជាតិចិន ជាពិសេសអាចមានគំនិតច្នៃប្រឌិតក្នុងការផ្សារភ្ជាប់ចន្លោះប្រហោងរវាងទីផ្សារចិន និងអាមេរិកផងដែរ។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនប្រឹក្សាផ្នែករថយន្តដែលមានឈ្មោះថា LMC Automotive បានបញ្ជាក់ថា ចិនជាទីផ្សារទិញរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ Telsa ក៏ដូចជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីផ្សេងទៀតលើសាកលលោកផងដែរ។ ទីផ្សារប្រទេស ស្ថិតនៅលំដាប់ទី1 របស់ Tesla ខណៈដែលអាមេរិកគឺជាទីផ្សារលក់រថយន្តធំបំផុតទី2របស់ខ្លួន៕