ប្រធានាធិបតីព័រទុយហ្គាល់ធ្វើតេស្តវិជ្ជមាន Covid-19 ខណៈចំនួនអ្នកឆ្លងវីរុសសរុបនៅទូទាំងប្រទេសនេះកើនឡើងជិត៤៩ម៉ឺនករណី
ព័រទុយហ្គាល់៖ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែមិនបង្ហាញរោគសញ្ញាទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រផ្លូវការរបស់ប្រធា នាធិបតីព័រទុយហ្គាល់កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានអោយដឹងថា លទ្ធផលតេស្តវិជ្ជមានរបស់លោក Rebelo de Sousa បានកើតឡើង បន្ទាប់ពីគាត់បានធ្វើតេស្តអវិជ្ជ មានកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ បន្ទាប់ពីទាក់ទងជាមួយអ្នកដែលឆ្លងរោគ ។ លោក Rebelo de Sousa នឹងដាក់ខ្លួននៅដាច់ពីគេក្នុងគេហដ្ឋានផ្លូវការរបស់គាត់នៅទីក្រុង Lisbon ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែមករានេះ នៅទូទាំងប្រទេសព័រទុយហ្គាល់មានចំនួនអ្នកឆ្លងកូវីដ១៩សរុប៤៨ម៉ឺន៩ពាន់២៩៣ករណី ក្នុងនោះមានអ្នកស្លាប់៧ពាន់៩២៥នាក់ និងអ្នកជាសះស្បើយឡើងវិញ៣៧ម៉ឺន២ពាន់៥៦នាក់ ៕
