ទីភ្នាក់ងារ FBI ព្រមានថា ក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ អាចនឹងបង្កភាពចលាចលនៅថ្ងៃចូលកាន់តំណែងជាផ្លូវការរបស់លោក ចូ បៃដិន (Video)
អាមេរិក៖ ទីភ្នាក់ងារ FBI បានព្រមានអំពីលទ្ធភាពនៃការតវ៉ាប្រដាប់អាវុធ ដែលនឹងត្រូវធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ មុនពេលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជាផ្លូវការ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
មានរបាយការណ៍អំពីក្រុមប្រដាប់អាវុធដែលគ្រោងប្រមូលផ្តុំគ្នា នៅឯអគាររដ្ឋាភិបាលក្នុងរដ្ឋទាំង៥០ និងនៅក្នុងទីក្រុងវ៉ាស៊ីនតោន មុនការស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ។ ការភ័យខ្លាចនេះបានកើតឡើងស្របពេលផែនការសន្តិសុខត្រូវបានរឹតបន្តឹងសម្រាប់ព្រឹត្តិការណ៍នេះ ។
នៅថ្ងៃអង្គារនេះ លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមិនខ្លាចក្នុងការស្បថចូលកាន់តំណែងនៅខាងក្រៅវិមានកាពីតូលអាមេរិកទេ ។ ទាំងរូបលោក និងលោកស្រី Kamala Harris នៅតែត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅខាងក្រៅអគារ ពោលគឺមានរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទីនោះ បានក្លាយជាកន្លែងដែលអ្នកគាំទ្ររបស់លោក ត្រាំ ធ្វើកុបកម្មដ៏សាហាវប្រឆាំងនឹងលទ្ធផលឆ្នោត ៕


