រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិកលាលែងពីតំណែង បន្ទាប់ពីចេញមុខរិះគន់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងកុបកម្មនៅវិមានសភា (Video)
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិស្ដីទីអាមេរិក លោក Chad Wolf បានចុះចេញពីតំណែងនៅថ្ងៃចន្ទនេះ ប៉ុន្មានថ្ងៃក្រោយលោកចេញមុខរិះគន់ប្រធានា ធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ទាក់ទិននឹងក្រុមកុបករចូលអុកឡុកវិមានសភា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែមករា ឆ្នា ២០២១ ។
ការប្រកាសខាងលើនេះ បានធ្វើអោយលោក Chad Wolf ក្លាយជាមនុស្សទី៣ហើយ ដែលបានដើរចេញពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីក្រុមកុបករគាំទ្រប្រធានាធិបតីអាមេរិករូបនេះ ចូលអុកឡុកវិមានសភាកាលពីសប្ដាហ៍មុន ។ ជាមួយគ្នានេះ លោក Chad Wolf មិនបានបញ្ជាក់អោយច្បាស់ៗពីមូលហេតុជុំវិញការសម្រេចចិត្តបែបនេះនោះទេ ខណៈដែលលោកនឹងលាលែងពីតំណែងនៅពាក់កណ្តាលយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ។
សូមជម្រាបថា លោក Chad Wolf បានឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខ មាតុភូមិស្ដីទីអាមេរិក ចាប់តាំងខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែតំណែងរបស់លោកមិនទាន់ត្រូវបានទទួលស្គាល់ដោយព្រឹទ្ធសភានៅឡើយទេ ៕


