តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តការពារជាប់ជាប្រចាំតាមបន្ទាត់ព្រំដែន ការពារការឆ្លងដែនខុសច្បាប់របស់ពលករមកពីប្រទេសថៃ
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១២ មករា ឆ្នាំ២០២១ បានចុះពិនិត្យនៅតាមបន្ទាត់ព្រំដែន និងបានណែនាំឲ្យមានការរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការល្បាតជាប់ជាប្រចាំ ចំពោះការចូលរួមទប់ស្កាត់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ទប់ស្កាត់ និងនាំយកពលករឆ្លងដែនទៅធ្វើចត្តាឡីស័ក ដើម្បីបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ ប្រមុខរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។
មកទល់ពេលនេះ ព្រំដែនខេត្តបន្ទាយមានជ័យ គឺនៅតែមានប្រជាពលរដ្ឋដែលធ្វើការនៅប្រទេសថៃ សំរុកចេញពីប្រទេសថៃ វិលចូលមកកម្ពុជាវិញគួរអោយកត់សម្គាល់។ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក៏បានចុះត្រួតពិនិត្យការងារ កសាងអង្គភាព និង ការងារបង្កបង្កើនផល ក្នុងនោះដែរលោកមេបញ្ជាការ បានបំផុស និងជំរុញដល់គ្រប់បណ្តាកងឯកភាពទាំង៩ស្រុក ក្រុង និង ២វរសេនាតូច ចំណុះ ត្រូវយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ជាពិសេសចូលរួមចំណែក ក្នុងផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕កឹម ទៀង