ធនាគារធំៗមួយចំនួនចាប់ផ្តើមលុប Trump ចេញពីបញ្ជីអតិថិជនរបស់ខ្លួន

បរទេស ៖ ទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានចេញផ្សាយថា ក្រៅតែពីធនាគារ Signature Bank គិតមកដល់ថ្ងៃនេះ ក៏មានធនាគារធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ Deutsche Bank បានប្រកាសពីការផ្តាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយនឹងប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក Donald Trump ដែរ។

ការសម្រេចចិត្តនេះត្រូវបានប្រភពដ៏គួរឲ្យទុកចិត្តម្នាក់របស់ធនាគារបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNN ។ ក្រៅពីនេះក៏មានការចេញផ្សាយដោយកាសែត New York Times ផងដែរ ដោយបញ្ជាក់ពីមូលហេតុសំខាន់នៃការផ្ដាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយប្រធានាធិបតីចប់អាណត្តិខាងលើនេះដោយសារតែព្រឹត្តិការណ៍វាយប្រហារទៅលើអគាររដ្ឋាភិបាលអាមេរិកកាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យរបស់ធនាគារ Deutsche Bank បានបដិសេធមិនបញ្ចេញព័ត៌មានលម្អិតនោះទេ ដោយត្រឹមតែនិយាយថា នេះគឺជាការរក្សាការសំងាត់ជូនអតិថិជនរបស់ខ្លួន។

កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ ធនាគារ Signature Bank បានប្រកាសថា ខ្លួនបានបិទគណនេយ្យរបស់លោក Trump ហើយថែមទាំងបានអំពាវនាវឲ្យលោកចុះចេញពីតំណែងផងដែរ។ បន្ថែមពីនេះ ធនាគារក៏បានសម្រេចបញ្ឈប់ការធ្វើអាជីវកម្មជាមួយនឹងសមាជិកសភារូបណាដែលមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនាពេលកន្លងមក។

ក្រៅពីនេះលោក Trump ក៏ត្រូវបានគេដឹងដែរមានគណនេយ្យនៅតាមបណ្តាធនាគារសំខាន់ៗមួយចំនួនទៀតផងដែរដូចជា Capital One ជាគណនេយ្យសន្សំចន្លោះពី 5 ទៅ 25 លានដុល្លារនៅធនាគារ JPMorgan អាចចន្លោះពី 500,000 ទៅ 1 លានដុល្លារព្រមទាំងនៅធនាគារ Bank United ប្រមាណជា 250,000 ដុល្លារ។

ទោះជាយ៉ាងណាក្តីការបាត់បង់ទំនាក់ទំនងអាជីវកម្មជាមួយនឹងធនាគារ Deutsche Bank បានក្លាយទៅជាបញ្ហាដ៏អាក្រក់បំផុតសម្រាប់មុខជំនួញរបស់លោក Trump ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner