ឥណ្ឌូនេស៊ីជឿជាក់ថា ខ្លួននឹងរកឃើញប្រអប់ខ្មៅទី២របស់យន្តហោះដឹកអ្នកដំណើរដែលធ្លាក់នៅសមុទ្រជ្វា (Video)
ឥណ្ឌូនេស៊ី៖ ក្រុមអ្នកមុជទឹករបស់ឥណ្ឌូនេស៊ីមានជឿជាក់ថា ពួកគេកាន់តែខិតជិតការរកឃើញម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះ របស់យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ ស៊ី្រវីចាយ៉ា អ៊ែរ ដែលបានជួបគ្រោះថ្នាក់ធ្លាក់ចូលក្នុងសមុទ្រជ្វា ជាមួយនឹងអ្នកដំណើរនៅលើនោះសរុប៦២នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
ការបង្ហាញទំនុកចិត្តរបស់ក្រុមអ្នកមុជទឹករបស់ឥណ្ឌូនេស៊ីខាងលើនេះ បានកើតមានឡើងស្របពេលដែលប្រមុខយោធាឥណ្ឌូណេស៊ីលោក ហាឌី ចេសចាន់តូ និយាយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) ឬប្រអប់ខ្មៅរបស់យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ ស៊ី្រវីចាយ៉ា អ៊ែរ ត្រូវបានរកឃើញនៅថ្ងៃទីបួន នៃប្រតិបត្តិការស្វែងរក ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ ហ្សាកាតា អ៊ីនធើនេសិនណល ខុនធើនណើ ធើមីណល ធូ ដោយនាវាកងទ័ពជើងទឹក KRI រីហ្គែល ។ លោក ចេសចាន់តូ បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ ត្រូវបានគេរកឃើញនៅម៉ោង០៤និង៤០នាទីល្ងាច (ម៉ោងក្នុងតំបន់) ហើយក្រុមរុករក និងជួយសង្គ្រោះនៅតែកំពុងស្វែងរកម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះទៀត ។
សូមរំលឹកថា យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ី្រវីចាយ៉ា អ៊ែរ បានចាកចេញពីអាកាសយានដ្ឋាន សឹកកាណូ-ហាតា នៅទីក្រុងហ្សាកាតាឆ្ពោះទៅកាន់ទីក្រុង ផុនទៀណាក់ នៅក្នុងខេត្ត វេស បូនីអូ នៅពេលដែលវាបាត់ការទាក់ទងក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីហោះឡើង ។ វាបានដឹកអ្នកដំណើរចំនួន៥០នាក់ ក្នុងនោះមានកុមារ១០នាក់ និងសមាជិកនាវិក១២នាក់សរុបទាំងអស់៦២នាក់ ៕

