លោក ដូណាល់ ត្រាំ និយាយថា កម្លាំងយោធានឹងដាក់ពង្រាយលឿនបំផុត បើសិនមានសំណើពីអាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់បាតុកម្មដ៏ហិង្សា
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា កម្លាំងយោធាអាចនឹងត្រូវដាក់ពង្រាយបន្ថែមទៀតទៅកាន់ទីក្រុងមីននាផូលីស ឱ្យបានរហ័សបំផុត ដើម្បីទប់ស្កាត់បាតុកម្មដ៏ហិង្សា ក្រោយអតីតមន្រ្តីប៉ូលិសក្នុងក្រុងនេះបានសម្លាប់បុរសស្បែកខ្មៅម្នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងអាចនឹងដាក់ពង្រាយកម្លាំងយោធាទៅទីនោះយ៉ាងឆាប់រហ័សបំផុត ប្រសិនបើមានការស្នើសុំពីពួកគេ (អាជ្ញាធរក្នុងតំបន់) ។ បច្ចុប្បន្នបណ្ដាទីក្រុងកាន់តែជាច្រើនឡើងក្នុងសហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដោយអំពើហិង្សាក្នុងបាតុកម្ម រកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុងមីននាផូលីស យកជង្គង់សង្កត់ករហូតដល់ស្លាប់ ដោយសារតែរឿងចាយលុយក្លែងក្លាយ២០ដុល្លារ ។
គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មក មនុស្សច្រើនជាង១.៤០០នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសក្នុងទីក្រុងញូយ៉ក បានឃាត់ខ្លួនមនុស្ស៣៥០នាក់ និងមន្ត្រីប៉ូលិស៣០នាក់បានរងរបួសស្រាល ។ ចំណែកឯនៅរដ្ឋឥណ្ឌាណា មានសេចក្ដីរាយការណ៍ថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងបាតុកម្មតវ៉ា ដែលបានរីករាលដាលទៅដល់ទីក្រុងឡុងដ៍ របស់អង់ គ្លេស ទីក្រុងតូរ៉ុនតូរបស់កាណាដា និងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ៕ធ.ដ