អតីតមន្រ្តីប៉ូលិសអាម៉េរិកដែលយកជង្គង់សង្កត់កជនជាតិស្បែកខ្មៅម្នាក់រហូតដល់ដាច់ខ្យល់ស្លាប់ នឹងបង្ហាញខ្លួននៅតុលាការក្នុងថ្ងៃចន្ទនេះ
អង់គ្លេស៖ អតីតមន្រ្តីប៉ូលិសក្រុងមីននីសូតា លោក Derek Chauvin ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីស្តាប់ការវិនិច្ឆ័យទោសនៅម៉ោង១រសៀលថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមកាសែត CNN ដកស្រង់ប្រភពពីមន្ទីរឃុំឃាំង ចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។
អតីតមន្រ្តីប៉ូលិសក្រុងមីននីសូតា លោក Derek Chauvin ដែលយកជង្គង់សង្កត់កបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ រហូតដល់ដាច់ខ្យល់ស្លាប់នោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ និងរងការចោទប្រកាន់ពីបទឃាតកម្ម ។ គិតមកទល់ពេលនេះ បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍របស់អង់គ្លេស និងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាតុករនានានៅទូទាំងសហរដ្ឋអាម៉េរិក ដែលកំពុងធ្វើយុទ្ធនាការទាមទាររកយុត្តិធម៌ ដល់ ចច ហ្វ្លយដ៍ ។
ចំពោះស្ថានភាពជាក់ស្តែងពេលនេះ គឺបាតុកម្មនៅទូទាំងសហរដ្ឋអាម៉េរិកទំនង ជាមិនងាយនឹងបញ្ចប់ឡើយ បើទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ បង្គាប់ឲ្យអាជ្ញាធររដ្ឋនានាចាត់វិធានការក្តៅគគុក និង ត្រៀមកម្លាំងយោធាដើម្បីបង្ក្រាបបាតុកម្ម ព្រមទាំងបានចាប់ខ្លួនបាតុកររាប់ពាន់នាក់ ក៏ដូចជាបាតុករមួយចំនួន បានស្លាប់រួចទៅហើយក៏ដោយ ។ ក្រុមបាតុករបានអះអាងថា ពួកគេនឹងមិនបញ្ឈប់បាតុកម្មជាដាច់ខាត រហូតទាល់តែយុត្តិធម៌ត្រូវបានផ្តល់ពេញលេញដល់ ចច ហ្វ្លយដ៍ ៕