ទីបំផុត! តុលាការកំពូលឲ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក គុនហេ ជាប់គុក២០ឆ្នាំ
ទីភ្នាក់ងារសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១៥ មករា ២០២១នេះថា តុលាការកំពូលកូរ៉េខាងត្បូង បានបដិសេធការប្តឹងឧទ្ធរណ៍ ដោយរក្សាទុកជាបានការដដែល នូវការកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ លើអតីតប្រធានាធិបតីលោកស្រី Park Geun-hye វ័យ ៦៨ឆ្នាំ ដែលត្រូវបានគេរកឃើញថា មានទោសកំហុសពីបទរំលោភអំណាច និងពុករលួយ។
ការសម្រេចចិត្តរបស់តុលាការកំពូលនៅថ្ងៃព្រហស្បតិ៍នេះ បានរក្សាទុកជាបានការនូវទោសជាប់ពន្ធនាគារ ដែលត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ២០ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២០ ខណៈលោកស្រី Park ដំបូងឡើយត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៣០ឆ្នាំ។
តុលាការកំពូលកូរ៉េខាងត្បូងក៏បានរក្សាទុកការពិន័យជាប្រាក់ ១៨ពាន់លានវ៉ុន ឬស្មើនឹង ១៧លានដុល្លារអាមេរិកផងដែរ ខណៈកាលពីដំបូងលោកស្រីអតីតប្រធានាធិបតីរូបនេះ ត្រូវបានពិន័យជាប្រាក់ ២០ពាន់លានវ៉ុន។ ការសម្រេចចិត្តរបស់តុលាការកំពូលកូរ៉េខាងត្បូង គឺជាសាលក្រមចុងក្រោយ និងបិទផ្លូវតវ៉ា នៅក្នុងសំណុំរឿងពុករលួយរបស់លោកស្រី Park៕