រថយន្តតូយូតាព្រូសបុកបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនសង្ស័យងងុយដេកបានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់ស្ទើរទាំងស្រុង។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី១៩ ខែមករា ឆ្នាំ២០២១។ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីចំណុចគល់ស្ពានផ្សារដីហ៊ុយខាងលិចក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BJ 4201 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហ៊ុយពេញទំហឹងបណ្ដាលឲ្យម្ចាស់រថយន្តរងរបួសស្រាលចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា