វិភាគទានជាង១០០លានរៀល នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” និងវិភាគទានសមាជិកភាពប្រចាំឆ្នាំពីបុគ្គលិក និងថ្នាក់ដឹកនាំវីតាល់ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ ជាមួយនឹងគោលបំណង និងឆន្ទៈបន្តនិរន្តរភាព នៃបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងគ្មានការរើសអើង នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនោះ វីតាល់បានពាំនាំនូវវិភាគទាននៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំឡើងនារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ។
វិភាគទានសរុបជាទឹកប្រាក់ចំនួន១០១លាន១៧ម៉ឺន៣ពាន់រៀល ដែលបានមកពីប្រតិបត្តិការរយៈពេលពេញមួយ១ឆ្នាំ នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” និងវិភាគទានសមាជិកភាពប្រចាំឆ្នាំពីបុគ្គលិក និងថ្នាក់ដឹកនាំវីតាល់ ។ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) មានប្រសាសន៍ថា ផ្អែកលើមូលនិធិ២៥រៀល វីតាល់បានបង្កើតកម្មវិធីសប្បុរសធម៌បែបទំនើបជាលើកទី២ ជាមួយគោលបំណងយ៉ាងច្បាស់លាស់ ក្នុងការបង្កលក្ខណៈងាយស្រួល និងអំណោយផលដល់អតិថិជន ដើម្បីចូលរួមធ្វើអំពើល្អដោយគ្រាន់តែជាវវីតាល់ តាមទូលក់ភេសជ្ជៈស្វ័យប្រវត្តិទាំង១៨នៅក្នុងរាជធានីភ្នំពេញ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអគ្គនាយិកាក៏បានថ្លែងអំណរគុណដល់អតិថិជនវីតាល់ ដែលបានចូលរួមគាំទ្រកម្មវិធីនេះយ៉ាងច្រើនលើសពីការរំពឹងទុក ដើម្បីក្រុមហ៊ុនមានលទ្ធភាព ក្នុងការប្រមូលថវិកាគាំទ្រដល់បេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ។ បន្ថែមលើនេះ លោកជំទាវក៏បានថ្លែងអំណរអរគុណដល់បុគ្គលិកវីតាល់ និងថា្នក់ដឹកនាំក្រុមហ៊ុនផងដែរ ដែលបានបន្តចូលរួមវិភាគទានជាសមាជិកគាំទ្រ តាមការស្ម័គ្រចិត្ត និងលទ្ធភាពនៅក្នុងឆ្នាំថ្មីនេះ ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយប្រកបដោយមោទនភាព ចំពោះការសហការជាមួយក្រុមហ៊ុនសម្រាប់ កម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” ។ ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែចូលរួមផ្សព្វផ្សាយពីមូលនិធិគន្ធបុប្ផាកម្ពុជាដល់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ឱកាស និងលក្ខណៈងាយស្រួលដល់សាធារណជនក្នុងការចូលរូមបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាថែមទៀតផង ។ ជាងនេះទៅទៀត ឯកឧត្តមក៏បានកោតសរសើរដល់វីតាល់ ដែលតែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពមនុស្សធម៌ និងការងារសង្គមនានា ជាពិសេសជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ។
សូមរំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១៩ វីតាល់ បានបង្កើតមោទនភាពថ្មីមួយរបស់ក្រុមហ៊ុន ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតទឹកពិសាក្នុងស្រុកដំបូងគេ ដែលមានបុគ្គលិកទាំងអស់ចំនួន៨០៨នាក់ចុះឈ្មោះជាសមាជិកគាំទ្រ នៃមូលនិធិគន្ធបុប្ផាកម្ពុជា យ៉ាងតិចរយៈពេលមួយឆ្នាំ ។ តាមរយៈចលនា និងការលើកទឹកចិត្តដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមបរិច្ចាគវិភាគទានដោយស្ម័គ្រចិត្ត វីតាល់ប្រមូលបានវិភាគទានសរុប ៨៦លាន១៨ម៉ឺនរៀលជូនមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងឆ្នាំ២០១៩ ។ ក្រោយ០៣ខែ នៃព្រឹត្តិ ការណ៍ដ៏មានអត្ថន័យនោះ វីតាល់បានបន្តបេសកម្មមនុស្សធម៍របស់ខ្លួនថ្មី១ទៀត ជាមួយគម្រោង “វីតាល់ អ្នកជាវីរបុរស វគ្គ២” ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីដេនហ្គាដិន ។ ដោយឈរលើស្មារតី “ខ្មែរជួយខ្មែរ” វីតាល់សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគដោយទឹកចិត្តសប្បុរស តាមរយៈមធ្យោបាយវេរប្រាក់នានារបស់មូលនិធិគន្ធបុប្ផា ។ ការចូលរួមរបស់លោកអ្នក គឺជាកាយវិការសប្បុរស ដើម្បីស្នាមញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ៕









