SpaceX បាញ់បង្ហោះផ្កាយរណបម្តង 143 គ្រឿងតំណាលគ្នាបំបែកកំណត់ត្រា

បរទេស៖ គ្រាប់រ៉ូក្កែតប្រភេទ Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលទើបតែបាននាំយកផ្កាយរណបចំនួន 143 គ្រឿងទៅដល់តារាវិថីកាលពីថ្ងៃអាទិត្យម្សិលមិញនោះបានក្លាយទៅជាកំណត់ត្រាថ្មីមិនធ្លាប់មានលើពិភពលោកដោយគ្រាប់រ៉ូក្កែតតែមួយគ្រាប់អាចផ្ទុកបានផ្កាយរណបច្រើនបំផុត។

យោងតាមការបញ្ជាករបស់ទូរទស្សន៍ CNN បានឲ្យដឹងថា បេសកកម្មនេះត្រូវបានគេដាក់ឈ្មោះថា Transporter-1 ហើយក្នុងនោះផ្កាយរណបចំនួន 10 គ្រឿងជាកម្មសិទ្ធិផ្ទាល់របស់ SpaceX ដើម្បីដំណើរការពង្រីកប្រព័ន្ធអុីនធឺណេតនៃក្រុមហ៊ុន Starlink ហើយប្រមាណជា 133 គ្រឿងទៀតគឺមានប្រភពមកពីអតិថិជនរបស់ខ្លួនដូចជា Planetដែលជំនាញខាងផ្តល់រូបភាពនៃភពផែនដី និង ICEYE ដែលជំនាញខាងត្រួតពិនិត្យទៅលើដុំទឹកកក និងតាមដានទឹកជំនន់នៅលើភពផែនដី។

គួររំលឹកដែរថា សម្រាប់ឯតទគ្គកម្មចាស់ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ 2017 គឺធ្វើឡើងដោយក្រុមហ៊ុនឥណ្ឌា PSLV ដែលគ្រានោះគ្រាប់រ៉ូក្កែតមួយរបស់ខ្លួនអាចផ្ទុកយកផ្កាយរណបប្រមាណជា 104 គ្រឿងទៅដល់តារាវិថី។

តាមពិតទៅ Transport-1 គឺត្រូវបានប្រកាសតាំងតែពីឆ្នាំ 2019 មកម្ល៉េះ ហើយ SpaceX ធ្លាបបញ្ជាក់ពីមហិច្ឆិតាផងដែរថា Falcon 9 នឹងផ្តោតសំខាន់តែទៅលើក្រុមផ្កាយរណបតូចៗ ឬហៅថា smallsats ប៉ុណ្ណោះជាជាងផ្កាយរណបខ្នាតធំ។

មកដល់បច្ចុប្បន្ននេះ smallsats គឺកំពុងទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន និងប្រទេសនានាលើពិភពលោក ហើយវាមានទំហំតូចចាប់ពីត្រឹមប៉ុននឹងទូរស័ព្ទដៃដល់ទៅធំបំផុតប្រហែលនឹងទូរទឹកកកនៅតាមផ្ទះបាយ។

នៅពេលដែលចំនួននៃផ្កាយរណបចេះតែមានការកើនឡើងបែបនេះអ្នកជំនាញបានបង្ហាញពីក្តីបារម្ភផងដែរថា។ កន្លងមកហេតុការណ៍ផ្កាយរណបបុកគ្នាក៏មានការកើនឡើងដែរ ទោះបីជាវាមិនអាចគំរាមកំហែងទៅដល់មនុស្សលោកនៅលើភពផែនដីក្តី ប៉ុន្តែកំទេចកំទីរបស់វានឹងអាចអណ្តែតហោះហើរនៅលើអាកាសអស់រយៈពេលជាច្រើនឆ្នាំ ឬច្រើនទសវត្ស៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner