ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវិដ-១៩ចំនួន៥គ្រួសារ និង គ្រួសាររងគ្រោះ ដោយអគ្គិភ័យចំនួន២គ្រួសារនៅស្រុកសង្កែ ទទួលនូវអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងកូវីដ-19 ចំនួន៥គ្រួសារ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១និង០២គ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះសម្បែង រស់នៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដឹកនាំសហការីចុះសួរសុខទុក្ខ ដោយបាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខាងលើដែលកំពុងតែជួបនូវផលប៉ះពាល់ខ្លាំងដោយសារតែវិបត្តិកូវិដ-19កន្លងមក។អំណោយដែលយកទៅចែកនោះដោយផ្តោតសំខាន់ចំពោះជនចាស់ជរាគ្មានទីពឹង  ស្ត្រីមេម៉ាយជនក្រីក្រមានកូនច្រើន បងប្អូនជនពិការនិងទីទ័លក្រ ចំនួន ០៥គ្រួសារ ដែលរស់នៅ ភូមិអូរស្រឡៅ ឃុំអូរដំបង១ និង០២គ្រួសារទៀត ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះរស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

        ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនខាងលើនេះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬក៏ និន្នាការនយោបាយ ណាមួយឡើយ ។

       ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងបន្តទៀតថា៖ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ-19 ជាសកល។ក្នុងនេះសម្ដេចក៏បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅក្នុងមូលដ្ឋានសហគមន៍ដោយសារតែផលប៉ះពាល់ពីការរាតត្បាតជាសកលពីការឆ្លង និងការចម្លងពីជម្ងឺកូវីដ-19ហើយដែលបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង មានការប៉ះពាលដល់ នូវសេដ្ឋកិច្ចនិងជីវភាពគ្រួសារ របស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ជាពិសេសផ្តោតសំខាន់ ចំពោះគ្រួសារចាស់ជរាដែលគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ និងមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ។

       ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានបន្តចាត់ឲ្យលោក កង ប៊ន អនុប្រធានអចិន្ត្រៃយ៍សាខា ចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ មួយចំនួនរបស់សាខាកាកបាទក្រហមខេត្តបាត់ដំបង ចែកជូនដល់បងប្អូនរងគ្រោះ ដោយភ្លើងឆេះផ្ទះចំនួន០២គ្រួសារ។ ហើយអំណោយដែលបានផ្តល់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយវិបត្តិកូវីដ-19និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះសម្បែង ក្នុង១គ្រួសារៗទទួលបាន នូវ អង្ករ ២៥ គីឡូក្រាម,ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ១ធុង មី១កេស, ភួយ១, មុង១, ក្រមា១, សារុង១, ក្រមា១, អាវយឺត១, សាប៊ូ២ដុំ, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ ៣ដប និងថវិកាមួយចំនួន ព្រមទាំងសម្ភារៈផ្ទះបាយមួយចំនួន។ ដោយឡែក គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែង បន្ថែមនូវ អង្ករចំនួន ៥០គីឡូក្រាម ក្នុងមួយគ្រួសារៗ ផងដែរ ។

      តាមរយៈប្រតិភូសាខាកាកបាទក្រហមខេត្តបាត់ដំបង ក្នុងនោះក៏បានបញ្ជាក់ដែរថា៖ អំណោយមនុស្សធម៌ទាំងនេះ គ្រាន់តែជួយសម្រាល នូវការខ្វះខាត របស់បងប្អូនមួយរយៈតែប៉ុណ្ណោះ។ក្នុងពេលដែលប្រទេសជាតិ កំពុងជួបនូវវិបត្តិកូវិដ-19ជាសកល ដែលធ្វើឲ្យបងប្អូនទទួលរងផលប៉ះពាល់នូវក្នុងជីវភាពគ្រួសារប្រចាំថ្ងៃនិងងាយរងគ្រោះ។

       ក្នុងនោះដែរលោកអនុប្រធានសាខាក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការថែរក្សាអនាម័យក្នុងការពាក់ម៉ាស់ លាងសម្អាតដៃនិងសាប៊ូ ឬជែល និងបាញ៉អាល់កុលជាប្រចាំ និងត្រូវចេះថែទាំសុខភាពឱ្យបានល្អ។ ជាពិសេស លើកុមារតូចៗ ត្រូវស្លៀកខោ ពាក់អាវដៃវែងនិងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំអោយមានគ្រោះថ្នាក់កើតឡើង៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner