ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំ វឌ្ឍនភាពការចុះកំណត់ ប្រមូលទិន្នន័យ ដែល ពល រដ្ឋកាន់កាប់ និងអាស្រ័យយូរឆ្នាំ ក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ
ក្រចេះ៖ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនិងអាជ្ញធរខេត្តទទួលបន្ទុក រួមនិងមន្ត្រីជំនាញ់ពាក់ព័ន្ធ មេឃុំចៅសង្កាត់ និងអង្គការដៃគូរនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យបូកសរុប លទ្ធផល នៃវឌ្ឍនភាពការងារនៃការចុះកំណត់ និងប្រមូលទិន្នន័យដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យជាក់ស្ដែង យូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្នុងភូមិសាស្ត្រក្នុងខេត្តក្រចេះ ដើម្បីពន្លឿនការបញ្ចប់ទំនាស់។
ឯកឧត្តម សូ ខនឬទ្ធីគុណ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋពីការ ទន្ទ្រានកាន់កាប់ដោយ ខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ អាជ្ញាធរមាន សមត្ថកិច្ចថ្នាក់ក្រោម ជាតិមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ពីរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើស ធនធានធម្មជាតិ ហើយអាជ្ញាធរឃុំស្រុកនេះហើយដែលជាអ្នកអនុវត្តច្បាប់ដោយ មិនចាំបាច់រង់ចាំក្រសួង ស្ថាប័ន ណាមួយឡើយ ហើយសូមកុំគិតថាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ជាសមត្ថកិច្ចដោយឡែក របស់ក្រសួងស្ថប័នណាមួយ តែជាការទទួលខុសត្រូវរបស់អាជ្ញាធរផ្ទាល់ និងការពារអភិរក្សដើម្បី ឧត្តមប្រយោជន៍របស់ ប្រជាជនយើង។
រដ្ឋលេខាធិការ ក៏បានជំរុញអាជ្ញាធរស្រុក និងឃុំ ត្រូវបន្តចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋអំពីការចូលរួមសហការ និងទប់ស្កាត់ពីការចូលកាន់កាប់ និងអាស្រ័យក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ត្រូវពន្លឿនការចុះកំណត់ និងប្រមូលទិន្នន័យអំពីប្រជាពលរដ្ឋដែលចូលកាន់កាប់ និងអាស្រ័យជាក់ស្ដែងយូរឆ្នាំ ក្នុងតំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះស្ថិតក្នុងភូមិសាស្ត្រក្នុងខេត្តក្រចេះឲ្យបានច្បាស់លាស់ និងបន្តចាត់វិធានការផ្លូវច្បាប់ ទៅលើក្រុមជនខិលខូច ដែលបន្តប្រព្រឹត្តបទល្មើស និងចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយ ប្រសិទ្ធភាព លើបទល្មើស ដែលកើតមានជាពិសេសបទល្មើសកាប់រាន ដុតឆ្ការ ទន្ទ្រាកាន់កាប់ដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងខេត្តក្រចេះ៕

















