អាមេរិកផ្ដល់ជំនួយ ៤២ ម៉ឺនដុល្លារសម្រាប់ជួសជុល​ប្រាសាទភ្នំបាក់ខែង និងប្រាសាទព្រះវិហារ

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយថវិកាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ចំនួន ៤២ ម៉ឺនដុល្លារ សម្រាប់ជួសជុលផ្នែកខ្លះនៃប្រាសាទភ្នំបាខែង នៅខេត្តសៀមរាប និងប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ ដើម្បីរួម​ចំណែកក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជា។ នេះបើតាមមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមករា។ ក្នុងចំណោមថវិកាទាំង ៤២ ម៉ឺនដុល្លារនោះ ថវិកាចំនួន ៣០ ម៉ឺនដុល្លារ ត្រូវបានផ្ដល់ជូន​ដល់មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង រយៈពេល ២៤ ខែ រហូតដល់ឆ្នាំ២០២២។ ចំណែកឯថវិកាចំនួន ១២ ម៉ឺនដុល្លារទៀត ត្រូវបានផ្ដល់ជូនដល់អាជ្ញាធរជាតិ​ព្រះវិហារ ដើម្បីអភិរក្ស និងជួសជុលផ្នែកខ្លះនៃប្រាសាទព្រះវិហារ មានដូចជាជណ្តើរខាងជើង និងប្រព័ន្ធបង្ហូរទឹកសម័យ​បុរាណនៃជណ្តើរភាគខាងជើងនេះជាដើម។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា «ទីតាំងប្រវត្តិសាស្រ្តទាំងនេះ គឺជាចំណែកដែលនៅស្ថិតស្ថិរយូរអង្វែង​នៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃនៅទូទាំងពិភពលោក»។ លោក Patrick Murphy មានមោទនភាពជាខ្លាំងក្នុងការប្រកាសជំនួយថវិកានេះ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ដោយថវិកានេះនឹងជួយអភិរក្សប្រាសាទ ទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

លោកជំទាវ ភឿង សកុណា បានឲ្យដឹងថា ការចូលរួមផ្ដល់ជំនួយនេះបញ្ជាក់ពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តយ៉ាង​មុតមាំនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក រួមជាមួយនឹងសហគមន៍អន្តរជាតិក្នុងការការពារអភិរក្ស និងជួសជុលបេតិ​កភណ្ឌវប្បធម៌​នៅកម្ពុជា។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលឈរលើគុណតម្លៃរួមរវាងប្រទេសកម្ពុជា និងរដ្ឋាភិបាល និងប្រជាជន​អាមេរិក នឹងបន្តមានភាពរឹងមាំបន្ថែមទៀត។

បើតាមស្ថានទូតសហរដ្ឋអាមេរិក មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ខាងលើនេះ ត្រូវបានបង្កើត​ឡើងដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ នៅក្រោមជំនួយជាថវិកាពីមូលនិធិនេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៤ លានដុល្លារហើយមកដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០០១មក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកថែមទាំងបានផ្តល់ជំនួយជាថវិកាសម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា។ តាមរយៈគម្រោងនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជានេះ នឹងជួយដល់សម្បត្តិបេតិកភណ្ឌ លើកស្ទួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកាន់តែល្អប្រសើរជាងមុន។

ការចុះហត្ថលេខាលើការផ្ដល់ និងទទួលជំនួយថវិកានេះធ្វើឡើងក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអា​មេរិកប្រចាំ​កម្ពុជា នៅខេត្តសៀមរាប៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner