កងទ័ពត្រូវតែរឹងមាំ និងមិនត្រូវមានស្មារតីរង្គោះរង្គើ តាមការញុះញង់របស់ជនអគតិជាដាច់ខាត
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ថ្លែងថា កងទ័ពត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ ការទទួលខុសត្រូវខ្ពស់ ត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងនូវបច្ចេកវិទ្យា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ទទួលនូវបច្ចេកវិទ្យាថ្មី នៃសម័យឌីជីថល កងទ័ពត្រូវតែរឹងមាំ ការពារ និងមិនត្រូវមានស្មារតីរង្គោះរង្គើ តាមការញុះញង់ តាមការបកស្រាយរបស់ក្រុមជនអគតិមួយចំនួនជាដាច់ខាត។
ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រស្តីពីសភាពការណ៍ថ្មីៗ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដល់នាយទាហាន ពលទាហាន មកពីស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ លើកយកពាក្យ ៣ប្រយោគ គឺ អគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក អគ្គមគ្គុទេសក៏ និងប្រតិបត្តិការនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បញ្ជាក់ថា ៖ «អញ្ចឹងដាច់ខាតកងទ័ពត្រូវតែរឹងមាំ ដើម្បីឲ្យកងទ័ពរឹងមាំបាន វាចាប់ផ្តើមពីការខិតខំសិក្សារៀនសូត្រនូវចំណេះដឹង ពង្រឹងនូវបច្ចេកវិទ្យា ពង្រឹងគុណភាពសិក្ខាកាម ពង្រឹងគុណភាពនាយទាហានទាំងអស់ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ទទួលនូវបច្ចេកវិទ្យាថ្មី នៃសម័យឌីជីថលនេះ […] ទទួលយកនូវរបៀបធ្វើការថ្មី ដែលជាការចាប់បង្ខំដោយជំងឺកូវីដ ហើយត្រូវសង្ឃឹមថា ទោះបីជាកូវីដ ត្រូវបានធូរស្រាលក៏ដោយ ប៉ុន្តែរបទនៃការងារបានផ្លាស់ប្តូរហើយ ដោយដើរទៅមុខមិនអាចដើរថយក្រោយ»។
ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បន្តថា ក្រោមកាដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានភាពឈ្លាសវៃ និងបទបែនយ៉ាងលឿនបំផុត ដោយរក្សាស្ថិរភាពសន្តិសុខ ផ្នែកសុខភាពនៅក្នុងប្រទេសកម្ពុជា ១០០ភាគរយ ដែលជាគំរូលេខមួយទូទាំងពិភពលោក បើទោះបីប្រទេសកម្ពុជា ជាប្រទេសតូចក៏ពិតមែន។
តាមរយៈការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន, លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋបានបន្ថែមថា៖ «ក្នុងនាមជាកងទ័ពត្រូវតែការពាររាជរដ្ឋាភិបាល ការពារនូវសន្តិភាព ការពារនូវអ្វីៗគ្រប់បែបយ៉ាងដែលរាជរដ្ឋាភិបាលធ្វើបាន ព្រមទាំងបានដាក់ចេញឲ្យយើងអនុវត្ត ក្នុងនាមជាកងទ័ពត្រូវតែរឹងមាំ ហើយការពារ អត់មានស្មារតីរង្គោះរង្គើ តាមការញុះញង់ តាមការបកស្រាយរបស់ក្រុមអគតិមួយចំនួនណានោះទេ»។
ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បញ្ជាក់ថា កងទ័ព គឺជាកម្លាំងស្នូលដ៏សំខាន់របស់ជាតិ។ ត្រូវតែមានសាមគ្គីភាពរឹងមាំ មានភក្តីភាព មានមនសិការ អាកប្បកិរិយាល្អ និងសកម្មភាពក្នុងការងារ។ ត្រូវខិតខំបង្កើនសមត្ថភាពខ្លួនតាមគ្រប់លទ្ធភាព ស្វះស្វែងរកចំណេះដឹង និងប្រើចំណេះដឹងដើម្បីប្រយោជន៍ជាតិ ប្រយោជន៍អង្គភាព ប៉ុន្តែត្រូវឃ្លាតឆ្ងាយពីប្រយោជន៍បុគ្គល ។ ការងារអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ គឺជាតម្រូវការចាំបាច់ របស់កងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងការអភិវឌ្ឍកងទ័ព។ នាយទាហានបន្តវេន ជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈឲ្យប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត សុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតរយៈពេលវែង៕
