មេប៉ូលិសវិមានសភាសុំអភ័យទោស ជុំវិញការបរាជ័យដើម្បីទប់ស្កាត់កុបកម្មនៅថ្ងៃ០៦ ខែមករាកន្លងទៅនេះ
អាមេរិក៖ ប្រធានបណ្តោះអាសន្ននៃកងកម្លាំងប៉ូលិសវិមានសភាអាមេរិក បានសុំអភ័យទោស ពាក់ព័ន្ធនឹងការបរាជ័យដើម្បីទប់ស្កាត់ការវាយប្រហារដ៏អាក្រក់នៅដើមខែមករាកន្លងទៅនេះលើវិមានសភា ពីសំណាក់ក្រុមកុបករគាំទ្រអតីតប្រធា នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលធ្វើអោយមនុស្ស០៥នាក់ស្លាប់ ។
នៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខសភា នាថ្ងៃអង្គារសប្តាហ៍នេះ លោកស្រី យ៉ូហ្គាណាន់ដា ភីតមែន បានបញ្ជាក់ថា ប៉ូលិសកាពីតូលមិនបានបំពេញតាមស្តង់ដារខ្ពស់របស់ខ្លួន និង របស់អ្នកដទៃផងដែរ ។ លោកស្រីបន្ថែមថា យើងដឹងថា ក្រុមជីវពល និងអង្គការកំពូលៗនឹងចូលរួម… យើងក៏ដឹងដែរថា អ្នកចូលរួមខ្លះមានបំណងនាំយកកាំភ្លើង និងអាវុធផ្សេងទៀតមកចូលរួមក្នុងព្រឹត្តិការណ៍នេះ..យើងដឹងថា មានសក្តានុពលខ្លាំងសម្រាប់អំពើហិង្សា ហើយសភាគឺជាគោលដៅ ។ នៅក្នុងសក្ខីកម្មនេះ លោកស្រី ភីតមែន បានចុះបញ្ជីកំហុសរបស់ប៉ូលីសជាច្រើន ដែលមិនធ្វើតាមបទបញ្ជាដែលលោកស្រីបានចេញ អំឡុងការឡោមព័ទ្ធ និង មិនមានផែនការទំនាក់ទំនងគ្រប់គ្រាន់សម្រាប់វិបត្តិនេះ ។
ការទទួលយកកំហុសរបស់លោកស្រី ភីតមែន ខាងលើនេះ បានកើតមានឡើងស្របពេលដែលភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតការគំរាមកំហែងមួយចំនួន ដែលផ្ដោតគោលដៅទៅលើសមាជិកសភា និងនៅពេលដែលការចោទប្រកាន់លើកទីពីររបស់លោក ត្រាំ កំពុងតែដំណើរការ ៕ ប្រភព៖ Reuters



